អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បដិសេធនិងច្រានចោល ទាំងស្រុងរាល់ខ្លឹមសារ អាខោនហ្វេសប៊ុកឈ្មោះSovannara Som សសេរបែបញុះញង់
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្ត និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមានអាខោនហ្វេសប៊ុកឈ្មោះSovannara Som បានសរសេរផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ជយោ! ពេលនេះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ក៏បានផ្ដាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេសដែរ សូមស្វាគមន៍!! " ដែលមានលក្ខណៈញុះញង់ខុសពីការពិត បង្ហោះ បំភ្លៃព័ត៌មានមិនពិតដែលមានការ share តៗគ្នា។
អ្នកនាំពាក្យ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបន្តថា នេះគ្រាន់តែជាព័ត៌មានក្លែងក្លាយដែលក្រុមឧទ្ទាមក្រៅច្បាប់បានជាយាម ផ្សព្វផ្សាយ ក្នុងចេតនាអាក្រក់ញុះញង់ ដើម្បីបំភ័ន្ដសាធារណ:ជន និងមានចេតនាបំផ្លាញ ដល់សន្តិភាព ឯករាជ្យជាតិ ដើម្បីបង្ខូចស្មារតីកងកម្លាំងនគរបាលជាតិ ជាពិសេសនគរបាលខេត្តបន្ទាយមានជ័យ ដែលជាព័ត៌មានក្លែងក្លាយបំពុលសង្គម។
ផ្ទុយទៅវិញ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ហើយមានតែជំហរមួយគត់ គឺប្ដូរផ្ដាច់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។
ប្រឆាំងដាច់ខាតគ្រប់ឧបាយកលរាល់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ បានថ្កោទោសដាច់ អហិង្កា ចំពោះទង្វើបែបនេះ ដោយមិនអាចលើកលែងបានឡើយ៕