ថៃដាក់មេក្រូ នៅច្រកព្រំដែនម៉ាឡៃ ហាមពលរដ្ឋខ្មែរ នាំចូលជ្រូកមានជីវិត និងរបស់ធ្វើពីសាច់ជ្រូកចូលទឹកដីថៃ បើចាប់បានដាក់គុក និងផាកពិន័យរាប់ម៉ឺនបាត ចំណែកថៃនាំចូលមកខ្មែរសេរី
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន សម្តែងការហួសចិត្តជាខ្លាំងទៅលើភាគីប្រទេសថៃ ដែលបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋកម្ពុជា នាំចូលជ្រូកមានជីវិត និងផលិតផលធ្វើពីសាច់ជ្រូកគ្រប់ប្រភេទពីខ្មែរសូម្បីតែផ្អក ប្រហុក។តែចំពោះការនាំចូលទំនិញពីប្រទេសថៃ មកខ្មែរវិញគឺម៉ាសេរី មានទាំងសត្វជ្រូក,គ្រឿងក្នុងជ្រូកខូចគុណភាព គោ រួមទាំងសត្វមាន់រាប់រយក្បាល និងរាប់សិបតោនក្នុង១ថ្ងៃៗចូលតាមច្រករបៀងជិត៥០កន្លែងយកមកលក់ពេញទាំងស្រុកខ្មែរ ពេលខ្លះសមត្ថកិច្ចចាប់បានគ្រាន់តែយកទៅដុតចោល ជាការស្រាច ដោយគ្មានប្រកាសធ្វើការហាមឃាត់ដូចភាគីថៃឡើយ។
ជាក់ស្តែងនៅមាត់ច្រកព្រំដែនម៉ាឡៃ ខាងភាគីថៃបានដាក់មេក្រូប្រកាសក្តែងៗ ឮសូរាប់គីឡូដីចូលមកទឹកដីខ្មែរ ដោយហាមប្រជាពលរដ្ឋខ្មែរនាំចូលជ្រូកមានជីវិត និងផលិតផលធ្វើពីសាច់ជ្រូកគ្រប់ប្រភេទពីខ្មែរសូម្បីតែផ្អក ប្រហុក ក៏មិនឲ្យយកចូលដែរ បើចាប់បានត្រូវជាប់គុកជាច្រើនឆ្នាំ និងធ្វើការផាកពិន័យរាប់ម៉ឺនបាតទៀតផង។
ពាក់ពន្ឋ័ករណីនេះបើតាមការអៈអាងរបស់អ្នករកស៊ីចេញចូលតំបន់ព្រំដែនខ្មែរ ថៃ បាននិយាយថា ក្នុងការដាក់មេក្រូប្រកាសរបស់ភាគីថៃនោះ បានជូនដំណឹងឲ្យបងប្អូនខ្មែរចេញ ចូលប្រទេសថៃ ហាមនាំចូលសាច់ជ្រូកគ្រប់មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់ យកចូលប្រទេសថៃជាដាច់ខាត បើគេត្រួតពិនិត្យរកឃើញសាច់ហាមឃាត់ខាងលើ គេនឹងធ្វើការចាប់ដាក់គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២ម៉ឺនបាត ដើម្បីជៀសវាងការឆ្លងមេរោគអហ៊ីវ៉ាអាភិកានៅក្នុងសាច់ជ្រូករបស់ខ្មែរនាំចូលមកស្រុកថៃ។
ការប្រការបស់ថៃនេះធ្វើឲ្យខ្មែរដែលធ្លាប់នាំទំនិញយកទៅលក់នៅថៃ បានធ្វើការរិះគន់ និងប្រតិកម្មថា កាហាមបំរាមរបស់ថៃនេះ មិនស្មើរភាពគ្នាសោះ ព្រោះថៃបាននាំសត្វជ្រូក និងសាច់ជ្រូកគ្រឿងក្នុងជ្រូកដឹកនាំចូលមកខ្មែរតាមច្រកអន្តរជាតិ និងច្រករបៀង១ថ្ងៃៗរាប់រយក្បាល និងរាប់សិបតោន ហើយពេលខ្លះមាននាំចូល ទាំងសាច់គ្មានគុណភាពថែមទៀត បែរជាខ្មែរឲ្យនាំចូលដឹកយកមកលក់ក្នុងស្រុកខ្មែរម៉ាសេរី មិនខ្លាចឆ្លងជំងឺដូចភាគីថៃសោះ។
បើតាមការអៈអាងរបស់សមត្ថកិច្ច បានឲ្យដឹងថា ការនាំចូលជ្រូកមានជីវិត គ្រឿងក្នុងជ្រូក និងផលិតផលពីសាច់ជ្រូកគ្រប់ប្រភេទទាំងមានគុណភាពនិងអត់គុណភាពនេះ គឺបានធ្វើការហាមឃាត់ដែរ តែឃាត់មិនជាប់ព្រោះឈ្មួញមានកល់ល្បិចគ្រប់ស្នៀតក្នុងការនាំជ្រូករស់ ជ្រូក ធ្វើហើយ គ្រឿងក្នុង និងផលិតផលធ្វើពីជ្រូករបស់ប្រទេសថៃចូលមកស្រុកខ្មែរបានយ៉ាងងាយ តែសមត្ថកិច្ចនៅតែព្យាយាមធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕