សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងវត្តឃោសត្ថារាម (ហៅវត្តត្រាច)
ខេត្តបន្ទាយមានជ័យ៖ដោយមានការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀងហូរពីប្រទេសថៃ ដែលបង្កឲ្យមានការលិចលុងផ្ទះសម្បែងរបស់ពួកគាត់។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចក្នុងវត្តឃោសត្ថារាម (ហៅវត្តត្រាច) ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រះសង្ឃ និងម្ចាស់ជំនួយផងដែរ។
ពលរដ្ឋដែលស្នាក់នៅក្នុងវត្តត្រាច អញ្ជើញមកទទួលអំណោយមានចំនួន១០៣គ្រួសារ មកពីបណ្តាភួមិនានា ក្នុងសង្កាត់ប៉ោយប៉ែត ហើយក្នុងមួយគ្រួសារទទួលបាននូវគ្រឿងឧបភោគ បរិភោគ ដូចជាៈ អង្ករ,ទឹកស៊ីអ៊ីវ,ប៊ីចេង,មី,ខ្លាញ់,ភួយ,កន្សែង,ទឹកត្រី,ត្រីខ និងទឹកសុទ្ធ។
បើតាមការឲ្យដឹងពីក្រុមការងារក្រុមចលនាយុវជន១៥៧ បញ្ជាក់ថា អំណោយទាំងអស់នេះបានមកពីក្រុមចលនាយុវជន១៥៧ សហការជាមួយព្រះសង្ឃ និងសបុរសជន។
ក្នុងឱកាសនោះដែរឯកឧត្តម ចៅ ចេកអាន បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវយកចិត្តទុកចំពោះប្រជាពលរដ្ឋ នៅពេលពួកកាត់មានការខ្វះខាត ឬមានបញ្ហាអ្វីមួយត្រូវរាយការណ៍ ដើម្បីជួយគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរលោកអភិបានក្រុង នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រយ័ត្នខ្ពស់ ពិសេសត្រូវថែទាំសុខភាព រស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងជំងឺតម្កាត់ផ្សេងៗ ពិសេសកុំភ្លេចនូវជំងឺឆ្លងកូវីដ១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ម ដូច្នេះត្រូវអនាម័យ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ នឹងរក្សាកម្លាតពីគ្នា ពិសេសត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕