ពលរដ្ឋមកពីភូមិចាន់គីរី និងភូមិប្រជាធម្ម ក្រុងប៉ោយប៉ែត ដែលអះអាងថា មានជីវភាពខ្វះខាត ដោយសាររងផលប៉ះពាល់ ពីជម្ងឺកូវីដផង និងទឹកជំនន់ផងនោះ ចោទប្រកាន់មេភូមិថា ការចែកអំណោយបែបប៉ាក់ពួកនិយម (មានវីឌឺអូរ)
ខេត្តបន្ទាយមានជ័យ៖លោកមេភូមិចំនួនពីនៅក្នុងក្រុងប៉ោយប៉ែត មានភូមិចាន់គីរី និងភូមិប្រជាធម្ម រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា ការចែកអំណោយបែបប៉ាក់ពួកនិយម ដោយផ្តល់ឲ្យតែគ្នាគេតែប៉ុណ្ណោះ ចំណែកពួកគាត់ដែលអះអាងថា ពួកខ្លួនជាអ្នករងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ផង និងរងគ្រោះដោយសារទឹកជំនន់ផង ដែលមានជីវភាពខ្វះខាតពិតប្រាកដ រហូតមកដល់ពេលនេះមិនទាន់ទទួលបាននូវអំណោយពីអាជ្ញាធរមូលដ្ឋាននៅឡើយនោះទេ។
ទើបកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ពួកគាត់បានឮដំណឹងតៗគ្នាថា នៅសាលាក្រុងប៉ោយប៉ែត មានការចែកអំណោយនោះ ទើបពួកគាត់បានលើគ្នាមកតាំងពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ ទើបពួកគាត់វិលត្រប់ទៅផ្ទះវិញ ដោយសារសាលាក្រុងបានធ្វើការសម្របសម្រួល ដោះស្រាយ ដោយធ្វើការកត់ឈ្មោះ ដើម្បីឲ្យអាជ្ញាធរភូមិចុះពិនិត្យ។
បើតាមពលរដ្ឋទាំងនោះបានឲ្យដឹងថា ពួកគាត់មកសាលាក្រុងនេះ ក្នុងគោលបំណងមកបើកអំណោយ ដោយសារតែឮតៗគ្នាថា មានការបើកអំណោយនោះ។
ពួកគាត់បញ្ជាក់ថា ដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់គ្រោះទឹកជំនន់ទៀតនោះ ពួកកាត់មិនបានទៅរកចំណូលចូលក្នុងគ្រួសារបានដូចពីមុននោះទេ ដែលជាហេតុធ្វើឲ្យពួកគាត់មានការខ្វះខាត។
ដោយឡែកពលរដ្ឋមួយផ្នែកទៀតបានបញ្ជាក់ថា កន្លងមកធ្លាប់ទទួលបានអំណោយពីអាជ្ញាធរមូលដ្ឋានម្តងដែរ តែនៅពេលនេះដោយសារតែឮតៗគ្នាថា នៅសាលាក្រុងមានការបើកអំណោយនោះទើបបានមកនឹកគេឯងតែម្តងទៅ។
ទន្ទឹមនោះពួកគាត់ស្នើឲ្យអាជ្ញាធរក្រុង ពិនិត្យទៅលើអាជ្ញាធរភូមិផង ដោយសារការកន្លងមកការចែកអំណោយ បែបប៉ាក់ពួកខ្លះមានទាំងផ្ទះថ្មរស់នៅបែជាបាន ចំណែកពួកគាត់ជាអ្នកអត់ពិតប្រាកដបែជាមិនបានទៅវិញ។
បើតាមមន្ត្រីសាលាក្រុងបានបញ្ជាក់ថា ពួកគាត់ដែលអញ្ជើញមកនេះសុទ្ធតែមកតាមៗគ្នាតែប៉ុណ្ណោះ ខ្លះធ្លាប់ទទួលបានអំណោយហើយ ខ្លះទៀតមានម៉ូតូជិះ មានមុខរបរលក់ដូរ និងមិនមែនជាអ្នករងគ្រោះដោយសារទឹកជំនន់នោះទេ។តែទោះយ៉ាងនេះក្តីអាជ្ញាធរក្រុង នៅតែបន្តការយកចិត្តទុកដាក់ដោះស្រាយរាល់ទុកកង្វល់របស់ពលរដ្ឋទាំងអស់ មិនទុកឲ្យពួកគាត់ស្លាប់ ដោយសារអត់បាយនោះទេ តែដោយសារបច្ចុប្បន្ននេះ អាជ្ញាធរក្រុងបានផ្តោតអារម្មណ៍ទៅលើអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាមុនសិន ពោលគឺទៅលើអ្នកដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ជនលិចផ្ទះសម្បែងរបស់ពួកគាត់ ដែលអាជ្ញាធរបានជម្លៀសមកទីទួលសុវត្ថិភាពនោះ។
ពាក់ពន្ធ័ទៅនឹងពលរដ្ឋចំនួនពីភូមិ គឺភូមិចាន់គីរី និងភូមិប្រជាធម្ម ចោទប្រកាន់ទៅលើអាជ្ញាធរភូមិនេះដែរ អង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ មិនអាចសុំការបកស្រាយណាមួយពីលោកមេភូមិទាំងពីភូមិបានទេ ដោយមិនមានលេខទូរសព្ទ័ តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយ និងបំភ្លឺពីសាមីពាក់ពន្ធ័ទាំងអស់រាល់ម៉ោងធ្វើការ៕សូមអញ្ជើញស្តាប់និងទស្សនានូវវីឌឺអូរដែរពលរដ្ឋលើកឡើងដែលមានដូចខាងក្រោម៖