ឯកឧត្តមដួង តារា នាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន៤៧០គ្រួសារ នៅស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ៖នៅក្នុងថ្ងៃកាន់បិណ្ឌទី១០ ដែលត្រូវថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំក្រុមការងារសប្បុរសជន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី សារ៉ុង សៀវភៅប៊ិច និងក្រមាទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៤៧០គ្រួសារ ដែលកំពុងរស់នៅក្នុងដីសហគមលឹម ភា ដែលជាជនពិការដៃទាំង២ ពិការភ្នែកមួយចំហៀង និងត្រចៀកមួយចំហៀង នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នាឱកាសនោះលោក លឹម ភា គឺជាអតីតអ្នកសុំទាននៅប្រទេសសថៃ និងប្រទេសម៉ាឡេស៊ី ដែលបានសន្សំលុយបានជិតម្ភៃម៉ឺនដុល្លារ ពីមុខរបរសុំទានយកមកទិញដីបានជាង៥០ ហិកតានៅទីនេះ ដើម្បីប្រកបរបរទទួលទានពេលត្រឡប់មកពីសុំទាន នៅប្រទេសម៉ាឡេស៊ីវិញ។ក្រោយពីបានឃើញពីទុក្ខលំបាករបស់អ្នកដែលក្រីក្រខ្សត់ខ្សោយ លំបាកតោក យ៉ាកជាងគាត់ លោក លឹម ភា បានលះគំនិតចង់មានចង់បានតែម្នាក់ឯង ហើយបែរយកគុណធម៍ នៃការចែករំលែកមកចែករំលែកដី ដែលគាត់ទិញបានជួយទៅពលរដ្ឋ ដែលលំបាកជាងគាត់ទាំងនោះវិញ។មកទល់ពេលនេះមានបងប្អូនប្រជាពលរដ្ឋជាង៤៧០គ្រួសារ (ប្រមាណ១៧០០នាក់) បានទទួលប័ណ្ណចែកដីពី លោក លឹម ភា រួចហើយ។
ក្នុងនោះលោក លឹម ភា បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងរំភើបក្រៃលែង ដែលសម្តេចទាំងទ្វេ បានគិតគូ យកចិត្តទុកដាក់ផ្តល់នូវស្បៀងអាហារ ជួយដល់កូនចៅសម្តេចជាង៤៧០គ្រួសារនៅទីនេះដែលកំពុងមានការខ្វះខាតស្បៀងអាហារពិតប្រាកដ។លោក លឹម ភា បានបញ្ជាក់ថា កូនចៅនៅទីនេះមានភក្តីភាព និងគោរពស្រឡាញ់សម្តេចទាំងទ្វេយ៉ាងខ្លាំង ហើយប្តេជ្ញាបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។
ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីទឹកចិត្ត អាណិតស្រឡាញ់ របស់សម្តេចទាំងទ្វេ ដែលតែងតែមានព្រហ្មវិហារធម៍ គុណធម៍ និងក្តីមេត្តា ករុណាដ៏ជ្រាលជ្រៅបំផុតក្នុងគិតគូចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។ទោះបីសម្តេចទាំងទ្វេមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែសម្តេចបានបញ្ជូននូវអំណោយជាស្បៀងអាហារនេះ ដើម្បីចែកជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជួយរំលែកការខ្វះខាតរបស់កូនចៅប្រជាពលរដ្ឋ។ក្រៅពីអំណោយជាស្បៀងអាហារ គឺបងប្អូនប្រជាពលរដ្ឋជាង១ពាន់នាក់ ដែលបានមកចូលរួមក្នុងកម្មវិធីបានហូបការីនំប៉័ង ដោយមានតន្រ្តីប្រចាំភូមិលេងកំដរ ប្រកបដោយបរិយាកាសស្និទ្ធស្នាលនឹងសប្បាយរីករាយក្រៃលែង។
ឯកឧត្តម ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចទាំងទ្វេ ចំពោះក្តីស្រឡាញ់ និងក្តីមេត្តាករុណាដ៏ជ្រាលជ្រៅបំផុត ដែលសម្តេចទាំងទ្វេ តែងតែមានចំពោះពលរដ្ឋកម្ពុជា។ឯកឧត្តមដួង តារា ក៏បានគោរពជូនពរ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅបំផុត សម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេស។ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ជាមូលនិធិ និងសម្ភារៈផ្សេងៗ ជួយដល់ពលរដ្ឋខ្មែរ ដែលកំពុងត្រូវការជំនួយបន្ទាន់ មិនថាតែនៅស្រុកត្រពាំងប្រាសាទទេ ប៉ុន្តែនៅទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខចម្រុងចម្រើនលាភជ័យគ្រប់ៗគ្នាកុំបីខាន៕