លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ រងការចោទប្រកាន់ពីពលរដ្ឋរស់នៅភូមិគីឡូម៉ែត្រលេខបួន ក្រុងប៉ោយប៉ែត រឿងកាយផ្តាច់ផ្លូវដាក់លូ និងបិតមិនឲ្យពលរដ្ឋធ្វើដំណើរបាន(មានវីឌឺអូរ)
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារនគរបាលការពារព្រំដែនគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាគ្រឿងចក្រកាយផ្តាច់ផ្លូវ ដែលប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅភូមិគីឡូម៉ែត្រលេខបួន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ជាផ្លូវដែលពួកគាត់ធ្វើដំណើរចេញចូលជាច្រើនឆ្នាំកន្លងមក ដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកនោះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋបានលើកគ្នាទៅសាលាក្រុងក្នុងគោលបំណងសុំការអន្តរាគមន៍ពីលោកអភិបាលក្រុង តែដោយសារនៅសាលាក្រុង កំពុងតែរវល់ប្រជុំ ក៏បកមកទីតាំងមានទំនាស់នៅចំណុចខាងក្រោយសាលាក្រុង ស្ថិតនៅក្នុងភូមិ សង្កាត់ខាងលើ ក៏ស្រាប់តែមានការផ្ទុះសារាយគ្នាដោយពាក្យសម្តីរវាងពលរដ្ឋ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល តែម្តង។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា តាំងពីពួកគាត់ឈានជើងមករស់នៅកន្លែងនេះ គឺមានផ្លូវដើរនិងបើករថយន្តបានពីផ្លូវជាតិលេខ៥ រហូតដល់សាលារៀន និងព្រលានយន្តហោះសម្រាប់ថ្នាក់ដឹកនាំចតទៀតផង ទើបតែពេលនេះបែជាលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល បញ្ជាឲ្យគ្រឿងចក្រមកកាយផ្តាច់ផ្លូវដាក់លូ នឹកគ្រោងបាំងរបមិនឲ្យធ្វើដំណើរបានទៀតផង ជាហេតុធ្វើឲ្យពួកគាត់មិនសុខចិត្តក៏ស្វែងរកការអន្តរាគមន៍ពីលោកអភិបាលក្រុងតែម្តង។ជាមួយគ្នានោះដែរពួកគាត់បានស្នើសុំឲ្យលោកអភិបាលក្រុង ជួនសម្រួលឲ្យពួកគាត់បានផ្លូវធ្វើដំណើរដូចដើមវិញ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល បានធ្វើការច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ។លោកបញ្ជាក់ថា ដីនេះគឺលោកបានទិញពីរដ្ឋ និងប៉ូលីសក្នុងខេត្តចំនួន៥នាក់ ដែលពួកគាត់បានមកពីការបែងចែកពីអង្គភាព ហើយពួកគាត់សុទ្ធតែនៅមានជីវិតនៅឡើយ បើចង់ដឹងច្បាស់អាចសួរនាំបាន។លោកបញ្ជាក់ទៀតថា ដីនេះនៅក្នុងប្លង់ទទឹង៦០ម៉ែត្រ តែបច្ចុប្បន្នវាស់ជាក់ស្តែនៅសល់តែ៥៦ម៉ែត្រតែប៉ុណ្ណោះ បើសិនជាពួកគាត់នៅតែបន្តទាមទាខុសរឿងលោកនឹងដាក់ពាក្យបណ្តឹង និងឲ្យជំនាញសូរិយោដីបោះបង្គោលយកមកវិញឲ្យគ្រប់ចំនួន។
លោក សួន ចំរើន រស់នៅក្បែកន្លែងកើតហេតុ បានអះអាងថា ខ្លួនរស់នៅក្បែលើចំណុចដីខាងលើនេះជិត៣០ឆ្នាំមកហើយ ពីដើមចំណុចនេះគ្មានផ្លូវទេ មានតែផ្លូវថ្មើរជើងដើរតែប៉ុណ្ណោះ។
បើតាមប្រភពបញ្ជាក់ថា ដីនៅទីតាំងខាងលើនេះពីដើមជាដីបឹងអូរ របស់រដ្ឋតែប៉ុណ្ណោះ ក្រោយមកក៏មានការទិញតពីរដ្ឋ ចាក់ដីលប់បឹងធ្វើជាភោជនីដ្ឋានសម្រាប់ជួលក្នុងកម្មវិធីផ្សេងៗរហូតបច្ចុប្បន្ននេះ៕
ព័ត៌មានលំអិតសូមទស្សនានូវីឌឺអូរដែលមានដូចខាងក្រោម៖