ទីតាំងចំនួន១៣ លើ៩ ក្រុង/ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ដើម្បីការពារជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលទីតាំង ដែលត្រូវបានរៀបចំជាកន្លែង ចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំចាប់ពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក ក្រុង សង្កាត់ និងកងកម្លាំងប្រដាប់អាវុធនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅតាមក្រុង ស្រុក បន្តទៀត។សេចក្តីប្រកាសកែតម្រូវអាយុចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដែលចាក់បានពីអាយុ១៨ឆ្នាំឡើង ទៅ (មិនមែនពី១៨ឆ្នាំ ដល់៥៩ឆ្នាំ នោះឡើយ)។មន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖១៣ទីតាំង លើ៩ ក្រុង/ស្រុក និងមានក្រុមគ្រូពេទ្យ១៣ក្រុមនៅក្រុងសិរីសោភ័ណ ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ ,ក្រុងប៉ោយប៉ែត ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង ,ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត , ស្រុកព្រះនេត្រព្រះ ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ,ស្រុកមង្គលបូរី ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យខេត្ត ,ការិយាល័យស្រុកប្រតិបត្តិស្រុកមង្គលបូរី និងបណ្តាស្រុកផ្សេងៗ ១ក្រុម ១ទីតាំងនៅតាមមន្ទីរពេទ្យបង្អែកស្រុក ។ក្នុងថ្ងៃយុទ្ធនាការចាក់គឺចាក់ជូនមន្ត្រីរាជការ នៅសេសសល់ អាជ្ញាធរដែនដីមូលដ្ឋាន ប្រជាពលរដ្ឋប្រឈម ដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងប្រជាពលរដ្ឋទូទៅ។
ម្យ៉ាងវិញទៀតមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់។ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើង ស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។អនុវត្តតាមការណែនាំ ៣ ការពារ និង ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕