ទំនាស់ដីធ្លីរវាងលោកហង្ស ម៉ៅ និងប្រជាពលរដ្ឋ នៅចំណុចអូរស្វារអិល ត្រូវបានអាជ្ញាធរខេត្ត ក្រុង និងជំនាញពាក់ព័ន្ធ ចុះដោះស្រាយ និងពិនិត្យជាក់ស្តែង
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋមួយគ្រួសារដោះស្រាយរឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដោយភាគីម្ខាងៗសុទ្ធតែបានអះអាង និងបញ្ជាក់ថាមានឯកសារគ្រប់គ្រាន់នោះ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្ត ក្រុង ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីទំនាស់ទាំងពី បានបើកកិច្ចប្រជុំរកដំណោះស្រាយដោយឈលើយុទ្ធសាស្ត្រឈ្នះ ឈ្នះទាំងអស់គ្នា បន្ទាប់មកអាជ្ញាធរនិងមន្ត្រីជំនាញ រួមនឹងភាគីទាំងពីបានចុះទៅពិនិត្យលើទីតាំងដីមានទំនាស់នោះជាក់ស្តែងតែម្តង។ក្រោយពីចុះពិនិត្យជាក់ស្តែងរួចមន្ត្រីជំនាញបានបញ្ជាក់ថា អាជ្ញាធរ និងមន្ត្រីជំនាញ នឹងបន្តបើកកិច្ចប្រជុំនាពេលខាងមុខដ៏ខ្លីនេះ ដោយសារតែភាគីទាំងសងខាងសុទ្ធតែមានឯកសារ អំណះអំណាងយកត្រូវរៀងៗខ្លួន តែទោះយ៉ាងណាក្តីក្នុងនាមអាជ្ញាធរនឹងខិតខំដោះស្រាយជូនពួកគាត់ ដោយឈលើយុទ្ធសាស្ត្រឈ្នះ ឈ្នះទាំងអស់គ្នា។
បើតាមប្រជាពលរដ្ឋមួយគ្រួសារ ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះនោះបានបញ្ជាក់ថា ដីរបស់ខ្លួនដែលបានកាន់កាប់បន្តពីឪពុក នៅចំណុចភូមិសូរិយ៉ា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានកន្ទុយប័ណ្ណ(ចុងសន្លឹក)ត្រឹមត្រូវ ដែលមានទំហំ៣៨៤៩៣ម៉ែត្រ ស្មើនឹងជាង៣ហិចតា ដែលបច្ចុប្បន្ននៅសល់មិនបាន១ហិចតានោះទេ ដោយសារមានមន្ត្រីប៉េអ៊ឹមផ្ទៃប្រទេសមួយរូប និងលោក ហង្ស ម៉ៅ បានរំលោភយក រហូតឈូសខ្ទមដែលពួកគាត់សាងសង់ និងកាយផ្តាច់ផ្លូវពីភូមិអូរស្វារអិល ទៅភូមិសូរិយ៉ាទៀតផង។
ជុំវិញការចោទប្រកាន់នេះដែរ មន្ត្រីប៉េអ៊ឹមផ្ទៃប្រទេសម្នាក់ និងលោក ហង្ស ម៉ៅ បានធ្វើការច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ ដោយសារលោកមិនបានជាប់ពាក់ព័ន្ធនោះទេ គ្រាន់តែជាអ្នកមើលខុសត្រូវឲ្យលោកជំទាវ តែប៉ុណ្ណោះ ហើយដីនេះមានប្លង់រឹងត្រឹមត្រូវ ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ដឹងលឺទៀតផង។លោកបញ្ជាក់ថា ដីដែលមួយគ្រួសារនោះបានបោះបង្គោលដោយខ្លួនឯងមិនមានអ្នកណាទៅប៉ះពាល់នោះទេ ពោលគឺគាត់ដាក់បង្គោលលើដីរបស់គាត់ តែនៅពេលទៅភ្ជួរ បែជាភ្ជួរចូលមកលើដីដែលលោកកំពុងគ្រប់គ្រង៣៥០ ទៅ៤០០ម៉ែត្រការ៉េទៅវិញ។ចំណែកផ្លូវមួយខ្សែដែលប្រជាពលរដ្ឋអះអាងថា ពួកគាត់ធ្វើដំណើរជាយូឆ្នាំមកនោះ ជាដីរបស់ឯកជនដែលពួកគាត់នាំគ្នាធ្វើដំណើរយូៗទៅក៏ក្លាយទៅជាផ្លូវតែប៉ុណ្ណោះបើចង់ដឹងច្បាស់នោះទៅសួរអាជ្ញាធរមូលដ្ឋានទៅ។
ដោយឡែកអនុភូមិសូរិយ៉ា បានឲ្យដឹងដែរថា ផ្លូវមួយខ្សែនេះលាតសន្ធឹងពីភូមិអូរស្វារអិល ដល់ភូមិសូរិយ៉ា បើតាមលោកធ្លាប់ដឹងដីនេះជាដីរបស់កងពលលេខ១២ ផ្លូវនេះក៏កងពលលេខ១២ ជាអ្នកធ្វើដែរ តែក្រោយមកដីនេះក៏បានលក់ឲ្យអ្នកផ្សេងមិនដឹងជាលោកមេភូមិចាស់អូរស្វារអិលពេលនោះលក់យ៉ាងមិចនោះទេ លោកក៏មិនបានដឹងច្បាស់នោះដែរ៕