ព័ត៌មានជាតិ

ជនជាតិថៃ និងឥណ្ឌូនេស៊ី ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២១និង៤២នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចមុខខារ៉ាអូខេG9 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប០៣នាក់ ១-ឈ្មោះ សារ៉ូល ហ្វាហាដា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),២-ឈ្មោះ ធ្រីន សាមុត ហៅ ហ្វុក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ឃុននីទី ផូលផុង ហៅ គែង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការកម្លាំងបានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា និងម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន២២ថង់កិប ទម្ងន់១៦៧,១០ក្រាម, ថ្នាំគ្រាប់រាងផ្លែឈើពណ៌បៃតង និង ថ្នាំគ្រាប់រាងមូលពណ៌លឿង (អ៊ិចស្តាស៊ី) ចំនួន២២គ្រាប់ ទម្ងន់៨,៨៣ក្រាម, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន០៤កញ្ចប់ ទម្ងន់៣៩,៣៤ក្រាម, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ (អ៊ិចស្តាស៊ី) ចំនួន ០២កញ្ចប់ ទម្ងន់១០,៥ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅSupreme (អ៊ិចស្តាស៊ី) ចំនួន០៣កញ្ចប់ ទម្ងន់៤៩,៧ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែត្របែក (អ៊ិចស្តាស៊ី) ចំនួន០២កញ្ចប់ ទម្ងន់ ២០,៧០ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅNocardia ចំនួន ០១កញ្ចប់ ទម្ងប់២,៣៦ក្រាម, កញ្ចប់ម្ស៉ៅពណ៌ផ្ទៃមេឃ ចំនួន០១កញ្ចប់ ទម្ងន់៣,២១ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកPCX ពណ៌ក្រហមស គ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន០៣គ្រឿង ប្រាក់បាតចំនួន ១៥,០០០បាត, រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនពេលបង្រា្កប ករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រក្រុងរហូតដល់ចំណុចខាងលើ កម្លាំងបានប្រទះឃើញជនសង្ស័យចំនួន០១នាក់ឈ្មោះ សារ៉ូល ហ្វាហាដា ជនជាតិឥណ្ឌូនេស៊ី ជាមុខសញ្ញាជួញដូរគ្រឿងញៀន បន្ទាប់មកកម្លាំងយើងបានឃាត់សួរនាំ និងបានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យរកឃើញគ្រឿងញៀន ក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់មកកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់២នាក់បន្ថែមទៀត រួមនឹងវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button