លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ
(ភ្នំពេញ)៖នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២៩២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់បទបញ្ជាជាថ្មីទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។ សម្តេចធិបតី បានថ្លែងដែរថា កងទ័ពបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព កសាងជាតិ និងឆ្លើយតបគ្រោះមហន្តរាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមនឹងការប្រារព្ធខួប២៥ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក គឺត្រូវពិនិត្យមើល ទទួលស្គាល់ និងចាំឱ្យច្បាស់នូវគន្លឹះទាំងឡាយនៃការធ្វើឱ្យមានការរួបរួមផ្ទៃក្នុងកងទ័ព និងនយោបាយឈ្នះ–ឈ្នះ ដែលនាំឱ្យកម្ពុជាមានការរួបរួម មានការឯកភាពជាតិមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី បានថ្លែងអំណរគុណដល់នាយទាហាន ដែលឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។
បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសារកងទ័ពកម្ពុជាមានកេរ្តិ៍ឈ្មោះល្អ និងកិត្តិយស កាលសម្តេចទៅបារាំងលើកនេះ ក៏មានសំណូមពរបន្ថែម ឲ្យកម្ពុជាពិចារណា ក្នុងការបញ្ជូនកងទ័ព ដើម្បីទៅជួយថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសផ្សេងៗទៀត។ ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៥៣ បានបញ្ជាក់ថា កងទ័ពកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋាន នៅខាងក្រៅប្រទេស បើគ្មាននៅក្រោមឆត្រអង្គការសហប្រជាជាតិទេ។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹង យើងនឹងបន្តចូលរួមជាមួយនឹងយន្តការរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព នៅតាមបណ្តាប្រទេសផ្សេងទៀត យើងយល់ពីផលលំបាក នៃសង្គ្រាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋយើង ដោយសារសង្គ្រាម។ កងទ័ពជើងគោកក៏បានធ្វើការកំណែទម្រង់ជាច្រើន នៅក្នុងរយៈពេល ២៥ឆ្នាំនេះ ដើម្បីទៅជាកងទ័ពមួយ ដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួមគ្នា ទៅជាកងទ័ពមួយ ដែលមានស្មារតីរឹងមាំជាជាតិតែមួយ ហើយពង្រឹងសមត្ថភាព ដើម្បីការពារជាតិ ការពារទឹកដី សុខសន្តិភាព ជូនប្រជាពលរដ្ឋ»។
សម្តេចធិបតី បានបន្តថា «នៅក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគតយើងហៅ នៅក្នុងដំណាក់កាលកសាងសង្គមជាតិ និងកំណែទម្រង់ ២០២៣ ទៅថ្ងៃអនាគត រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវដាក់ចេញនូវគោល នយោបាយជាច្រើន ដើម្បីពង្រឹងនូវសមិទ្ធផលផ្សេងៗ និងកសាង ប្រទេសជាតិឲ្យកាន់តែរីកចម្រើន នៅក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាកម្លាំងស្នូល ដើម្បីការអភិវឌ្ឍនេះ។ សុខសន្តិភាព ត្រូវតែថែរក្សាឲ្យបានទោះក្នុងតម្លៃណាក៏ដោយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា មូលដ្ឋានធំបំផុតគឺសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម បើគ្មានសន្តិភាព មិនអាចអភិវឌ្ឍ និងការឯកភាពកងទ័ព និងជាតិបានទេ។ សុខសន្តិភាពនេះ កើតចេញពីកងទ័ព ជាពិសេសកងទ័ពជើងគោកផងដែរ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឱ្យបាត់ស្មារតីការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព។ ទោះបីធ្វើកំណែទម្រង់ តែមិនត្រូវបាត់បង់ស្មារតីលើកតម្កើងកិត្យានុភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបញ្ជាការដ្ឋានកងទ័ពជើងគោកបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងបំពាក់ផ្សេងៗ។ សម្តេចបន្តថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះឡើយ ការបំពាក់យុទ្ធោបករណ៍ គឺគ្រាន់តែធ្វើពង្រឹងសមត្ថភាពការពារជាតិតែប៉ុណ្ណុះ៕