សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១ កុម្ភៈ ២០២២
ខេត្តបន្ទាយមានជ័យ៖ពង្រឹងការផ្ដល់សេវា សុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារនិងការផ្ដល់វ៉ាក់សាំង បង្កាជំងឺកូវីដ19 ជូនស្ត្រីមានផ្ទៃពោះនិងមាតាកំពុងបំបៅកូន ដោយទឹកដោះម្ដាយ នេះគឺជាប្រធានបទនៃទិវាជាតិ សុខភាពមាតា ទារកនិងកុមារ ២១ កុម្ភៈ ២០២២ ដែលសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីនិងបានចែកជូននូវអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចនៅក្នុងស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងពិធីទិវាជាតិសុខភាពមាតា ទារកនិងកុមារនេះផងដែរលោកជំទាវ ឆាន់ច័ន្ទ សោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍អាននូវសារលិខិត សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារក្នុងឱកាសទិវាជាតិសុខភាពមាតា ទារកនិងកុមារនាឆ្នាំ២០២២នេះ ដែលមានខ្លឹមសារសំខាន់បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សកលលោកទាំងមូលក្នុងនោះរួមទាំងព្រះរាជាណាចក្រកម្ពុជាយើងផង បានទទួលរងនូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាត នៃមេរោគកូវីដ១៩ មកលើវិស័យជាច្រើន ជាពិសេសការយាយីដល់អាយុជីវិតមនុស្ស។
ដោយឡែកក្នុងវិស័យសុខភាពវិញ តាមឯកសាររបស់អង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះបានឲ្យដឹងថា នៅតាមប្រទេសមួយចំនួន ជំងឺកូវីដ១៩ បានកាត់ផ្ដាច់សេវាកម្មសុខភាពជាសារវ័ន្ត ព្រមទាំងសេវាកម្មសុខភាពមាតា ទារកនិងកុមារផង។ការកាត់ផ្ដាច់ការទទួលបាននូវសេវានេះ បណ្ដាលមកពីមូលហេតុចម្បងពីរគឺ ទី១ កង្វះខាតអ្នកផ្ដល់សេវាសុខាភិបាលព្រោះបុគ្គលិកសុខាភិបាល និងគ្រូពេទ្យជាប់ដៃមមាញឹកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ១៩ ទី២ គឺការបិទខ្ទង់នៅនិងកន្លែង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាមិនអាចទៅទទួលសេវាពិនិត្យ ថែទាំសុខភាពបាន។ដោយសារមូលហេតុចម្បងទាំងពីរនេះហើយ បែកធ្វើឲ្យស្ត្រីមានផ្ទៃពោះជួបផលវិបាកផ្នែកសម្ភព បង្កការលំបាកក្នុងការជួយសង្គ្រោះអាយុជីវិតមាតានិងទារក។
លោកជំទាវ ឆាន់ច័ន្ទ សោភា បន្តថា ក្នុងបរិបទនៃជំងឺកូវីដ១៩ នេះគឺតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ហើយក៏សូមធ្វើការអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬ ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ តាមពេលវេលាដែលគ្រូពេទ្យបានធ្វើការណែនាំ និងសូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឬឆ្មបជំនាញដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
សម្ភារៈដែលបានចែកជូនដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចក្នុងមួយនាក់ៗទទួលបាន អង្ករ ១០ គីឡូក្រាម ,ត្រីខ ១០កំប៉ុង ,មី ១កេស ,ទឹកសណ្ដែក ២យួរ ,ស្ករស ២គីឡូក្រាម ,កន្សែងពោះគោធំ ១ ,ខោអាវ ២ឈុត ,សាប៊ូកក់សក់កូនង៉ា ១ដប ,ទឹកដោះគោខាប់ ២កំប៉ុង ,ម្សៅកូនង៉ា ១ដប ,អាវយឺត ៥ អាវ ,ទឹកជែលលាងសំអាតដៃ ២ដប និងថវិកាមួយចំនួនផងដែរ៕