អភិបាលខេត្តបន្ទាយមានជ័យ បន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ រស់នៅតាមដងស្ទឹងនៅក្នុងសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់ភ្នៀត ,សង្កាត់កោះពងសត្វ និងសង្កាត់អូរអំបិល ជិត២០០គ្រួសារ ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើម។ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អផងដែរ។ទន្ទឹមនោះ ប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក ៕