ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរងគ្រោះដោយសារទឹកជំនន់ជាង១០០គ្រួសារ នៅក្រុងប៉ោយប៉ែត ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្រុមការងារ
នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរងគ្រោះដោយសារទឹកជំនន់ចំនួន១៣៣គ្រួសារ នៅសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជម្រុញឲ្យអាជ្ញាធរ និងជំនាញពាក់ពន្ធ័ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងជួយសង្គ្រោះមនុស្ស និងត្រូវរកគ្រប់មធ្យោបាយរំដោះទឹកនៅតំបន់ជន់លិចខ្លាំងជូនពលរដ្ឋ និងបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា តាមដែលអាចធ្វើបាន។ទន្ទឹមនោះឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវណែនាំ និងហាមប្រាមកូនចៅកុំឲ្យលែងទឹក ព្រោះពេលនេះទឹកកំពុងជន់ខ្លាំងអាចនាំឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត ។
អំណោយដែលត្រូវចែកជូនពលរដ្ឋរងគ្រោះចំនួនដោយទឹកជំនន់ ១៣៣ គ្រួសារ នាពេលនេះ ក្នុង០១គ្រួសារទទួលបានឃីត១កញ្ចប់ ,អង្ករ២០គីឡូក្រាម ,មី១កេស ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ ,ទឹកពិសាដប១យួរ ,សារុង១ ,មុង១ ,សាប៊ូដុសខ្លួន២ដុំ ,ថ្នាំពេទ្យ(ប៉ារ៉ា+បេតាឌីន)១កញ្ចប់ ,ថវិកា២ម៉ឺនរៀល ។ដោយឡែកកម្លាំងនគរបាល ៥០ម៉ឺនរៀល ,កម្លាំងអាវុធហត្ថ ៥០ម៉ឺនរៀល ,ប្រជាការពារ ៥០ម៉ឺនរៀល ,ក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល កម្លាំងយោធា ៥០ម៉ឺនរៀល និងប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយទឹកជំនន់ចំនួន០៣ គ្រួសារ ក្នុង០១គ្រួសារទទួលបាន ថវិកា ចំនួន៥០ម៉ឺនរៀល ផងដែរ ៕ ដោយ ៖ លោក ហាក់ សំអាត