អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់មាត់ស្ទឹងមានការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងកំពុងជន់ខ្លាំង
ខេត្តប៉ៃលិន៖ដោយសារទឹកស្ទឹងកំពុងហក់ឡើងខ្លាំង គួរឲ្យព្រួយបារម្មណ៍ និងលំនៅដ្ឋានមួយចំនួនរបស់ប្រជាពលរដ្ឋរងការលិចលង់ផងដែរនោះ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅដ្ឋានជាប់ស្ទឹងតារាប ស្ទឹងបរយាខា និងបរតាំងស៊ូ សូមមានការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។លោកស្រី អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា៖ ពេលនេះថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ កងកម្លាំងគឺនៅប្រចាំការ នៅគ្រប់គោដៅ រង់ចាំជួយសង្គ្រោះ ពុកម៉ែបងប្អូន គ្រប់កាលៈទេសៈ ក្នុងករណីមានអាសន្ន ត្រូវទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ចំពោះបញ្ហាទឹកជំនន់នេះគឺបណ្តាលមកពីទឹកភ្លៀងធ្លាក់ពីលើភ្នំនានា ហើយហូរមកខាងក្រោម និងកាត់តាមដងស្ទឹង បរយាខា បរតាំងស៊ូ និងស្ទឹងតារៀប ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិនផងដែរ។ជាមួយគ្នានេះប្រសិនជាបងប្អូន ត្រូវការកម្លាំងជួយសង្រ្គោះ ឬតម្រួវការជំនួយផ្សេងៗបន្ទាន់ ពីក្រុមការងារ សូមទំនាក់ទំនងលេខ រដ្ឋបាលខេត្ត៖០៨១ ៣០៦៣០៨។
សូមបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១០យប់ ថ្ងៃទី៧ ខែតុលា ភ្លៀងកំពុងតែបន្តធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យតំបន់មួយក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ជន់លិចផងដែរ៕