ឯកឧត្តម ដួង តារា ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីសម្ភោធប្រគេនដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង១៥៩ម៉ែត្រ និងចែកអំណោយជូនពលរដ្ឋ និងពលទាហានជិត៥០០គ្រួសារ នៅវត្តឧត្តមត្រៃសិក្ខារាម(ហៅវត្តកំប្រង់) ស្រុកកំរៀង
ខេត្តបាត់ដំបង៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម រ៉ាឌី លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ លោក យុទ្ធរ៉ា ឆានី និងភរិយា លោក សោម សុធា ម្ចាស់គម្រោងដីឡូតិ៍ភូមិមរតក ក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម រួមទាំងសប្បុរសជន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធប្រគេនដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងប្រវែង១៥៩ម៉ែត្រ និងចែកអំណោយជូនដល់ពលទាហាន ពលរដ្ឋ និងសិស្សានុសិស្ស ជិត៥០០គ្រួសារ ព្រមទាំងប្រគេនបច្ច័យសម្រាប់សាងសល់សមិទ្ធផលនានា នៅក្នុង វត្តឧត្តមត្រៃសិក្ខារាម(ហៅវត្តកំប្រង់) ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ពិធិនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចកងទ័ពជើង គោកលេខ៥៣ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ដួង តារា ក៏បានមានមតិស្វាគមន៍ សំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ពលទាហាន សិស្សានុសិស្ស ទាំងអស់ផងដែរ។ដោយមានការចូលរួមពីឯកឧត្តម ដួង តារា និងសប្បុរសជនតាមយៈឯកឧត្តម គឺប្រមូលបានបច្ច័យចំនួនជាង៦,៧០០ដុល្លារ ដើម្បីប្រគេនជូនចំពោះព្រះព្រហ្មជោតិ សែម សុមុនី ព្រះគ្រូចៅអធិការវត្តឧត្តមត្រៃសិក្ខារាម(ហៅវត្តកំប្រង់)សម្រាប់ចាក់សាបទីធ្លារវត្ត និងសាងសង់សមិទ្ធផលផ្សេងៗក្នុងវត្តបន្ថែមទៀត។ឯកឧត្តមក៏បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជៅដល់សប្បុរសជន ទាំងអស់ដែលតែងតែចូលរួមចែករំលែកអំពើល្អ។
ជាចុងបញ្ចប់នៃកម្មវិធីឯកឧត្តម ដួង តារា រួមទាំងសប្បុរសជនក៏បានចែកនូវអំណោយសប្បុរសធម៌ជូនដល់ពលទាហាន បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំង និងប្រជាការពារ នូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមទាំងថវិកា និងប្រគេនបច្ច័យចំពោះព្រះសង្ឃជាង១០អង្គផងដែរ៕