សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ “
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមទាំងសមាជិកសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២២ ក្រោមប្រធានបទ “ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ” និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី៤ឃុំ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួម ព្រមទាំងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែលចូលរួមចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សិលា ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ ភួយ១ ម៉ង១) ម៉ាសមួយកញ្ចប់ ជែលមួយដប និងថវិកា ១០ម៉ឺនរៀល។ចំណែកស្ត្រីមានផ្ទៃពោះ និងស្រ្តីមានទារកក្រោម ៣ខែ ចំនួន ៣២នាក់ ទទួលបានឃីតទារកមួយកញ្ចប់ផងដែរ។
ស្របជាមួយនឹងប្រធានបទ នៃទិវាជាតិសុខភាពមាតាទារក និងកុមារឆ្នាំ២០២២ នេះឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់ស្ត្រីឱ្យទៅទទួលបានការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូន ត្រូវបន្តថែទាំសុខភាពទាំងម្ដាយ ទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ។ក្នុងបរិបទ នៃការឆ្លងរាលដាល នៃជំងឺកូវីដ–១៩ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ–១៩៕