អាជ្ញាធរខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចុះកំណត់ព្រំប្រទល់ដែលមិនច្បាស់លាស់(មានវីដេអូរ)
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូ មន្ត្រីជំនាញពាក់ព័ន្ធ តាមបណ្តាមន្ទីរសំខាន់ៗក្នុងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ជួបជាមួយគណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រ រវាងខេត្តទាំងពីរមានស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន ស្រុកកំរៀង ជាប់ជាមួយស្រុកសាលាក្រៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២នេះ ឱ្យបានច្បាស់លាស់ ក្នុងការឆ្លើយតបតាមការណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាលនៃខេត្តទាំងពីរឲ្យបានត្រឹមត្រូវ ព្រមទាំងដោះស្រាយវិបត្តិជាច្រើនឆ្នាំកន្លងមក និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មានការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពេលទទួលបានការដោះស្រាយពីអាជ្ញាធរខេត្តទាំងពីរ ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពួកគាត់ក៏សូមថ្លែងអំណរគុណដល់សម្តេតេជោ និងសម្តេច ក៏ដូចជាលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានសម្របសម្រួលឱ្យពួកគាត់មានអាចរស់នៅលើដីខាង លើមានប្លង់ស្របច្បាប់ត្រឹមត្រូវទៅថ្ងៃខាងមុខ ដោយមិនមានការប្រទាញប្រទង់គ្នាដូចកាលពីមុននោះ ទេ។
ពួកគាត់ក៏សូមជូនពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឱ្យមានសុខ ភាពល្អ កម្លាំងមាំមួនជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំង ប្រទេសកម្ពុជាផងដែរ៕សូមអញ្ជើញទស្សនានូវវីដេអូរដែលមានដូចខាងក្រោម: