កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណី​ហិង្សា​ប្រព្រឹត្ត​ដោយសហព័ទ្ធ និង ផិតក្បត់

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណ​ទទួលពាក្យបណ្ដឹង​ពីឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤​២ឆ្នាំ មានទីលំ​នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោ​ភ័ណ ខេត្តបន្ទាយ​មានជ័យ បានប្ដឹង​ចោទប្រកាន់​លើឈ្មោះ លី លេង (ហៅង៉ា) ភេទប្រុស អាយុ៤​១ឆ្នាំ ត្រូវជាប្ដី ពី​បទៈហិង្សាប្រព្រឹត្តដោ​យសហព័ទ្ធ និងលួចទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥។ ក្រោយពីទទួល​បានពាក្យបណ្ដឹង កម្លាំងជំនាញរប​ស់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរីសោភ័​ណ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជន​សង្ស័យនៅចំណុចភូ​មិ៣ សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ ហើយ​នាំមកកាន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរី​សោភ័ណ ដើម្បីសួរនាំតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអា​វុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេនិងជនរង​គ្រោះគឺជាប្តីប្រព​ន្ធនិងគ្នា​ជាង២​៤ឆ្នាំមកហើ​យ។ ដោយ​កាលពីឆ្នាំ២០២២ រូបគេ​មានជម្ងឺក្រលៀន និងប្ដូរក្រ​លៀន​នៅប្រទេ​សឥណ្ឌា មិន​អាច​ធ្វើការ​ងារធ្ងន់​បាន ហើ​យរូបខ្លួនខឹ​ងនឹងប្រព​ន្ធនិយាយ​បែបមើលងាយជារ៉ើយៗផង ខ្លួន​ក៏​មានទំនាក់ទំន​ងស្នេហា​ជាមួយកូន​ចៅធ្វើការជាមួយប្រព​ន្ធរបស់ខ្លួន​ពិតប្រាកដមែន។ ហើ​យខ្លួនតែងតែ​មា​នបញ្ហាឈ្លោះ​ប្រកែកគ្នាជាមួយប្រពន្ធជាជាញឹកញាប់។ ទើបនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​២៥ រូបគេផឹកស្រាស្រវឹ​ងក៏បាន​ទាស់ពាក្យ​សម្ដីជាមួយ​ប្រពន្ធក៏បាន​វាយប្រតាយ​ប្រតប់គ្នា​បណ្ដា​លឱ្យ​មានរបួសស្នាមដ​ល់ជនរ​ងគ្រោះជាប្រពន្ធតែតែម្តង។ ដោយផ្អែកលើបណ្ដឹង និង​ចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក​សាងសំណុំរឿ​ងបញ្ជូនទៅ​កា​ន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ទៅតុលាការ​ហើយ នៅរសៀលថ្ងៃ​ពុធ ទី១៩ ​ខែកុម្ភៈ ឆ្នាំ២០​២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published. Required fields are marked *