ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគាររដ្ឋបាលថ្មីមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ:អាគាររដ្ឋបាលថ្មីនៃមន្ទីរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ដែលបានសាងសង់លើផ្ទៃដីទីតាំងអគារចាស់ទំហំ 1,260ម៉ែត្រការេ ដែលមានបណ្ដោយ ៤៥ ម៉ែត្រនិងទទឹង ២៨ម៉ែត្រ កម្ពស់ពីជាន់ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពលនិងមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
លោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដោយមានការដឹកនាំចង្អុលបង្ហាញនិងការគាំទ្រប្រកបដោយ ទស្សនៈវិស័យជាយុទ្ធសាស្ត្រច្បាស់លាស់របស់ឯកឧត្តម ស៊ុយ សែម ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ខេង ស៊ុម ឯកឧត្តម អ៊ំុ រាត្រី និងដោយមានកិច្ចសហការល្អរវាងស្ថាប័នអង្គភាព រដ្ឋបាលដែនដីគ្រប់ជាន់ថ្នាក់ ធ្វើឱ្យវិស័យរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យកំពុងមានការអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ។
លោក សុត វឌ្ឍនា ក៏បានថ្លៃនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ស៊ុយ សែម ដែលបានផ្ដល់អគារនេះសម្រាប់ឲ្យមន្ត្រីរាជការនៃមន្ទីរ៉ែនិងថាមពលខេត្ត ដើម្បីទុក្ខសម្រាប់បម្រើការងារយ៉ាងសក្ដិសមបំផុត ។ទន្ទឹមនឹងនោះក៏សូមធ្វើការ ប្ដេជ្ញាចិត្តយ៉ាងស្មោះស័្មគ្រដោយខិតខំថែរក្សាការពារសមិទ្ធផលថ្មីនេះឲ្យបានល្អកង្វង់យូរអង្វែង។
ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ទីរ មន្ត្រីក្រោមឱវាទដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋជាទូទៅ ពិសេសប្រភពបណ្ដាញអគ្គិសនី បច្ចុប្បន្នអគ្គិសនីបន្ទាយមានជ័យបានខិតខំពង្រីកបណ្ដាញរបស់ខ្លួនស្ទើរគ្រប់ស្រុកក្រុង នៅសល់តែចំនួន ៦ ភូមិទៀតប៉ុណ្ណោះកំពុងតបណ្ដាញ។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍បន្ត ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទ ទាំងអស់សូមធ្វើការបន្តប្រឹងប្រែងបំពេញភារកិច្ចឲ្យបានល្អប្រសើរ លើវិស័យរ៉ែនិងថាមពលបន្តទៀត ដូចជាការគ្រប់គ្រងធ្វើអាជីវកម្មរ៉ែនិងថាមពល ជំរុញការបន្តអាជ្ញាប័ណ្ណ ការដ្ឋានអស់សុពលភាព បន្តចុះពិនិត្យការធ្វើអាជីវកម្ម សិប្បកម្មធនធានរ៉ែ ចុះពិនិត្យទីតាំងការដ្ឋានថ្មសំណង់។លនិងល។ ជាចុងក្រោយគណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរ និងអញ្ជើញពិនិត្យបន្ទប់អាគាររដ្ឋបាលថ្មីរបស់មន្ទីរ៉ែនិងថាមពល ដែលមានសរុបចំនួន ១៤ បន្ទប់៕