កម្លាំងចល័តចម្រុះរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឃាត់រថយន្ត ដែលសង្ស័យដឹកលើសទម្ងន់ ពិនិត្យនិងថ្លឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ជាលិតផលក្នុងចំណោមជាង១០គ្រឿង មាន៤គ្រឿងលើសទម្ងន់
ខេត្តបន្ទាយមានជ័យ៖រថយន្តធុនធំដឹកខ្សាច់ ឥត ថ្ម និងស្រូវ សរុបចំនួន១២គ្រឿង ត្រូវបានកម្លាំងចល័តចម្រុះរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ចុះស្ទាក់ឃាត់នាព្រឹកថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០២២ ដើម្បីត្រូតពិនិ្យ ក្រោយពីមានការសង្ស័យថា ដឹកលើសទម្ងន់ ។ជាលិតផលក្នុងចំណោមរថយន្តធុនធំ សរុបចំនួន១២គ្រឿង ក្នុងនោះមាន៤គ្រឿងរកឃើញលើសទម្ងន់ត្រូវបានឃាត់ដើម្បីធ្វើការផាកពិន័យតាមច្បាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
មន្ត្រីសាធារណៈការនិងដឹកជញ្ជូន បានឲ្យដឹងថា ដោយមើលឃើញផ្លូវជាច្រើនកន្លែងរងការខូចខាតជាអន្លើៗ ទើបកម្លាំងចល័តចម្រុះរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ចុះពិនិត្យនិងស្ទាក់ឃាត់រថយន្តធុនធំដឹកទំនិញនៅលើផ្លូវជាតិ ដែលសង្ស័យថាដាក់លើសទម្ងន់ ដើម្បីឃាត់ពិនិត្យ និងថ្លឹង បើសិនមិនមានលើសទម្ងន់នុះនឹងអនុញ្ញាតិឲ្យបន្តដំណើរ តែបើលើសពីច្បាប់កំណត់ពោលគឺលើសពី៤០តោនឡើង នុះកម្លាំងនឹងធ្វើការឃាត់យកទៅទុកនៅមន្ទីរខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ក៏ប៉ុន្តែបើលើសបន្តិចបន្តួចក្នុងកំរិតអនុគ្រោះគឺធ្វើការផាកពិន័យនៅនឹងកន្លែងតែម្តងដូចជាពេលនេះជាដើម។
ក្រោយពីបញ្ចប់នៃការត្រួតពិនិត្យ និងថ្លឹងរួច កម្លាំងជំនាញបានធ្វើឯកសារផាកពិន័យទៅលើរថយន្តទាំង៤គ្រឿងដែលបានដាក់ទម្ងន់នោះ តែការផាកពិន័យនោះ ត្រូវបានតៃកុងរថយន្តទាំងនោះធ្វើការតវ៉ាតឹងសសៃ ក ដាក់គ្នាដោយពួកគាត់លើកឡើងស្រដៀងៗគ្នាថា មុនដឹកចេញដំណើរមកពួកខ្លួនបានពិនិត្យនិងថ្លឹងមកហើយដែរ ហេតុអ្វីបានជាត្រូវលើសទៅវិញ។
ជុំវិញបញ្ហាខាងលើនេះបើតាមតៃកុងរថយន្តដឹកខ្សាច់បានអះអាងថា មុននឹងខ្លួនដឹកខ្សាច់ចេញពីខេត្តកំពង់ចាមមកនោះគឺបានថ្លឹងរួចរាល់អស់ហើយក្នុងកំរិត ៣៧តោន ៥០០គីឡូ មិនដល់កំណត់ដែលត្រូវផាកពិន័យនោះទេ ហើយម្យ៉ាងវិញដឹកពីខេត្តកំពង់ចាម មកដល់ខេត្តបន្ទាយមានជ័យឆ្លងកាត់ជាច្រើនខេត្តមិនមានស្ថានីយ៍ជញ្ជីងមួយណាដែលប្រាប់ថាលើសនោះឡើយ ពោលគឺគ្រប់ស្ថានីយ៍ជញ្ជីងទាំងនៅពេលចូលថ្លឹងគឺភ្លើងសញ្ញាព័ណខៀវ ដែលមិនត្រូវមានការបង់លុយ ចុះហេតុអ្វីបានជាមកដល់ខេត្តបន្ទាយមានជ័យត្រង់ចំណុចខាងលើ បែជាលើសទម្ងន់ត្រូវផាកពិន័យនៅនឹងកន្លែងទៅវិញ ៕