ផលិតផលកសិកម្ម របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បាននាំយកទៅលក់នៅផ្សារសហគមន៍ភូមិមួយផលិតផលមួយក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ក្រៅពីភារកិច្ចស្នូល គ្រប់បណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ បានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់កងទ័ព និងគ្រួសារទ័ព។
ជាក់ស្តែងជាលទ្ធផល ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ ធានាបាននូវសុខសុវត្ថិភាព សុខភាពកងទ័ព និងមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅផ្សារសហគមន៍ផលិតខ្មែរ ភូមិមួយផលិតផលមួយ ក្នុងខេត្តបន្ទាយមានជ័យ រៀងរាល់ចុងសប្តាហ៍ (ចាប់ពីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ)។
គួរជម្រាបជូនថា ការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលផលិតបានដោយអង្គភាព និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមទ័ព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព កាត់បន្ថយការនាំចូលបន្លែត្រី សាច់ មួយចំនួនពីខាងក្រៅដែលមានផ្ទុកសារធាតុគីមី ធ្វឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសបានលក់ចេញទៅទីផ្សារខាងក្រៅទទួលបានប្រាក់កម្រៃបន្ថែមទៀត ដើម្បីទុកផ្គត់ផ្គង់តម្រូវការនានានៅក្នុងអង្គភាព៕