ប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងនាព្រឹកថ្ងៃ អង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានសម្ដែងនូវការ អរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីប្រកាសនាថ្ងៃនេះ ដែលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្ដល់នូវកម្លាំង ចិត្តយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឲ្យបន្តខិតខំបំពេញភារកិច្ចស្នូល ដើម្បីចូលរួមចំណែកកាន់តែសកម្ម ក្នុងបេសកកម្មបម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ ជូនបងប្អូនអតីតយុទ្ធជនឲ្យបានរឹតតែល្អប្រសើរថែមទៀត ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត ។ទន្ទឹមនោះ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែងឆ្លើយតបដោះស្រាយឲ្យបានទាន់ ពេលវេលា ៕