អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៩និង៣០នាទី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចជើងភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងខណៈដែលកម្លាំងរបស់លោកកំពុងចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង ក៏ស្រាប់តែដល់ចំណុចខាងលើ
បានប្រទះឃើញយុវជនម្នាក់នៅកន្លែងទីងងឹតក្បែរជើងភ្នំខ្លាកូន គួរឱ្យសង្ស័យ ទើបកម្លាំងហៅយុវជននោះមកសួរនាំ និងធ្វើការឆែកឆេររកឃើញមានគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កូនថង់កិប ទម្ងន់ ២៥,៥២ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន០២គ្រាប់ ទម្ងន់ ០,៥៦ក្រាម, ហើយធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធខេត្ត ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
លោកវរសនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងដែរថា ជនសង្ស័យមាន ឈ្មោះ ហឿន មន្នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ក្រោយពីការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យ បានសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕