ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយកថវិកា សមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក អែម សំណាង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះរាំង
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារ ធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល និងថវិកាចូលរួមរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២លាន ៥ម៉ឺន ៥ពាន់រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក អែម សំណាង អត្តលេខ២២៧១៥ មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំស្រះរាំង នៃ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានមរណភាព កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក ដោយរោគាពាធ ស្ថិតក្នុងភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ថ្លែងនាឱកាសទុក្ខដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក អែម សំណាង ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏ដូចជារូបលោកផ្ទាល់ ចំពោះការបាត់បង់ស្វាមី ក៏ដូចជាឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់ផ្តល់នូវភាពកក់ក្តៅ និងផ្តល់នូវព្រហ្មវិហារធម៌ក្នុងគ្រាកន្លងមក ។មួយវិញទៀត ស្នងការដ្ឋាននគរបាលខេត្ត និយាយជារួមនិងនិយាយដោយឡែក អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានបាត់បង់មន្ត្រីនគរបាល០១រូប ដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ជូនក្រុមគ្រួសារសពថា៖ ថវិកាចំនួន៦លានរៀលនេះ គឺជាថវិកា សមាគមមិត្តនគរបាលជាតិ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយឧបត្ថម្ភឲ្យគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម ចំពោះមន្ត្រីនគរបាលជាសមាជិក សមាគមមិត្តនគរបាលជាតិ ដែលមានទុក្ខធុរៈក្នុងគ្រួសារ ក្នុងនោះមន្ត្រីជាសមាជិកសមាគមមិត្តនគរបាលជាតិ មរណភាពទទួលបានថវិកា៦លានរៀល ស្វាមីឬភរិយារបស់មាជិក មរណភាព ទទួលបានចំនួន២លានរៀលផងដែរ ៕