អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យមើលការជួសជុលផ្លូវ នៅឃុំគំរូ និងឃុំថ្មពួក ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃសៅរ៍ទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារជួសជុលផ្លូវលំក្នុងភូមិ ស្ថិតនៅក្នុងឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីក្រាលគ្រួសក្រហម និងកាយប្រឡាយរំដោះទឹកអមសងខាងផ្លូវ ដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងារមិនទុកបញ្ហាចោលនោះទេ យើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាព ស្ថានភាពជាក់ស្តែង។ទោះបីកន្លែងខ្លះមិនទាន់បានឆ្លើយតបបានភ្លាម សូមការយោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារជំនាញយើង នឹងបន្តទៅនាពេលខាងមុខ។
សូមបញ្ជាក់ថាឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ហើយក្នុងឆ្នាំ២០២៣នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/សង្កាត់នឹងស្ថាបនាជាផ្លូវបេតុងវែងខ្លីរាប់រយខ្សែ តាមបណ្តាភូមិ ឃុំដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕