កម្លាំងនគរបាលប៉ុស្តិ៍សង្កែ និងកម្លាំងយោធា ទប់ស្កាត់ពលរដ្ឋបានចំនួន ០៥នាក់ ខណៈបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងបង្ក្រាបរាល់បទល្មើផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនោះ នាថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី កម្លាំងប៉ុស្តិ៍សង្កែចំនួន ០២នាក់ដឹកដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍សង្កែ សហការជាមួយកម្លាំងយោធាវរៈ៥១១ (កងពល៥១) បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ០៥នាក់ ក្នុងនោះមាន(ស្រី០១នាក់ កុមារ០២នាក់) បម្រុងលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន (គោលដៅចំការក្រូចឆ្មារ) ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។
សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៥នាក់ មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ហើយការលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃក្នុងគោលបំណងទៅស៊ីឈ្នួលកាប់អំពៅឲ្យជនជាតិថៃ។បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច កម្លាំងសមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕