សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២
ខេត្តបន្ទាយមានជ័យ៖សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត នេះគឺជាប្រធានបទនៅក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ២០២២ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្ធរៀបចំធ្វើឡើងនៅសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកអូរជ្រៅនៃខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីធ្វើការឆ្លើយនឹងសំណួរនិងប្រគល់រង្វាន់លើកទឹកចិត្ត និងប្រគល់ប័ណ្ណសរសើរដល់យុវជនអ្នកស្ម័គ្រចិត្ត ដែលបានចូលរួមរួចមក លោកស្រី ឆាន់ ច័ន្ទសោភា ដែលជាអនុប្រធានសាខាកាកបាទក្រហមខេត្ត បានឡើងអាននូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយមានខ្លឹមសារថា អ្នកស្ម័គ្រចិត្ត គឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៏សកម្ម ពុំអាចខ្វះបាននោះឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្តនានា។អ្នកស្ម័គ្រចិត្តគឺជានិមិត្តរូបនៃការលះបង់កម្លាំងកាយចិត្តពេលវេលា ការរួមគ្នាសាមគ្គីភាពជាតិមួយ ដើម្បីជម្នះរាល់ការលំបាកនិងបញ្ហាប្រឈមនានា ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង កាន់តែរឹងមាំនៅក្នុងការចូលរួមអនុវត្ត នូវយុទ្ធសាស្ត្រទូលំទូលាយគ្រប់ជ្រុងជ្រោយជាមួយ រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសជាតិយើង អាចគ្រប់គ្រងបានពីជំងឺកូវីដ១៩ ជំងឺរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ នឹងជោគជ័យជាបន្តបន្ទាប់ទៀតដូចជា ពេញជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៃកិច្ចប្រជុំកំពូលពាក់ព័ន្ធថ្មីៗនេះ។
លោក សួន សុធី ដែលជាអនុប្រធានសាខាតំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ផងដែរថា យុវជននិងអ្នកស្ម័គ្រចិត្តជាកម្លាំងស្នូលជាឆ្អឹងខ្នងនិង ប្រតិបត្តិករជួរមុខដែលពុំអាចខ្វះបានរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម អំពីចលនានេះបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៣ ដោយលោក ហង់រី ឌុយណង់។ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ តាមសេចក្ដីសម្រេចលេខ ៤០/២១២ របស់មហាសន្និបាតនេះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨៥ ហើយចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលនៅទូទាំងពិភពលោក រចនាសម្ព័ន្ធអង្គការសហប្រជាជាតិទាំងតំណាងកាកបាទក្រហមអឌ្ឍចន្ទក្រហម និងសង្គមស៊ីវិលបានចូលរួមជាមួយអ្នកស្ម័គ្រចិត្ត នៅជុំវិញពិភពលោកអបអរទិវានេះ រៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា បានរៀបចំទិវានេះតាំងពីឆ្នាំ២០១២ មក។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានរៀបចំទិវានេះចំនួន៦ លើករួចមកហើយ៕