ប្រតិភូសមាជិកព្រឹទ្ធសភា នាំយកឱសថ និងសម្ភារៈវេជ្ជសាស្ត្ររបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងលោកជំទាវ ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឱសថនិងសម្ភារៈវេជ្ជសាស្ត្រ មានដូចជា ថ្នាំពេទ្យចំនួន១៤មុខស្មើនឹង១៩០កេស សម្លៀកបំពាក់ចំនួន ២៩កេស ម៉ាស៨កេស មួកចំនួន២កេស និងកាបូបចំនួនកេស ដែលជាអំណោយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងលោកជំទាវ ដែលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រតិភូសមាជិកព្រឹទ្ធសភា ប្រគល់ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការ ទី៤ ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មាធិការទី១០ព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងនូវអំណរគុណដោយស្មោះចំពោះអង្គការចែករំលែកសង្គ្រោះជីវិតសកលរបស់សាធារណរដ្ឋកូរ៉េ ដែលបានចំណាយទ្រព្យធនយ៉ាងច្រើនរួមមានឱសថ អ្នកដែលចែកជូនដល់ក្រុមគ្រូពេទ្យ ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋឲ្យចំគោលដៅ និងចែករំលែកសង្គ្រោះជីវិត ។
ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា អំណោយដែលបានមកពីមូលនិធិ ចែករំលែកជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចប្រធានព្រឹទ្ធសភា ចំពោះវិស័យសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយដោយឡែកចំពោះការផ្តល់នូវសេវាជូនដល់ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតបានជំរុញនិងលើកទឹកចិត្តឲ្យមន្ត្រីសុខាភិបាលទាំងអស់ កាន់តែមានឆន្ទៈមោះមុតក្នុងការបំពេញភារៈកិច្ចទទួលខុសត្រូវក្នុងការបម្រើសុខភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ ចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ បន្តទៀតដោយការជួយថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ហើយការផ្តល់ថ្នាំផ្សេងៗឲ្យចំមុខសញ្ញា នៃជំងឺព្រោះថា ថ្នាំពេទ្យដូចជា អាវុធមុខពីរអាចនិយាយបានថា បានប្រើចំមុខសញ្ញានៃជំងឺនិងបានជាសះស្បើយតែបើប្រើខុសវិញនោះអ្នកជំងឺ អាចធ្ងន់ធ្ងរបន្តទៀត៕