ពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បងប្អូនប្រជាពលរដ្ឋ ឃុំទួលពង្រ ស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិមានភូមិកោះស្នួល ភូមិខ្លាងាប់ និងភូមិបឹងជង្រុក នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរីយោដីខេត្ត ព្រមទាំងលោក លោកស្រីអភិបាល.អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ធ្វើនៅបរិវេណវត្តពោធិ៍រតនៈសាមគ្គី (ហៅវត្តឡងខង) ស្ថិតក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទន្ទឹមជាមួយគ្នានោះ អាង ណារិទ្ធ បានបញ្ជាក់ថា៖តាងនាមអោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានធ្វើការសំណូពរ៖
១.សូមអោយស្ថាប័នពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជីរដីធ្លី ដើម្បីអោយការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។
២.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សាការពារបង្គោលប្រឹថពីវិភាគដែលក្រុមជំនាញបានមកបោះនៅក្នុងឃុំ។
៣.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។និង
ទី៤.សូមអោយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀមឯកសារគតិយុត្តដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើម…..ដើម្បីអោយ ក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ អោយបន្តប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើន ក្នុងការធ្វើ ប្លង់រឹង លើដីធ្លី ដើម្បីធានានូវសិទ្ធិ ធ្វើជាម្ចាស់កាន់កាប់ស្របច្បាប់ជា ឯកសារសំអាងរឹងមាំបើមាន ជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបាន កាត់បន្ថយ យ៉ាងច្រើន។
លោក លី សារី បានធ្វើការសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី និងផ្តល់ឯកសារសម្រាប់ធ្វើវិនិច្ឆ័យ តាមកាលកំណត់របស់ក្រុមវាល ដើម្បីអោយការអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕