សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៧គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមមដំណើរដោយលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា ឯកឧត្តមលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៧គ្រួសារ នៅឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
អំណោយដែលបានផ្តល់ជូននាឱកាសនោះក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ សង្ក័សីផ្តល់ជូនទៅតាមទំហំនៃការខូចខាតរបស់គ្រួសារនីមួយៗ សរុបមានចំនួន ២៣៩សន្លឹក និងថវិកាមួយចំនួនផងដែរ៕