កិច្ចប្រជុំរវាងគណៈកម្មការ រៀបចំបោះឆ្នោត ខេត្តបន្ទាយមានជ័យ ជាមួយ តំណាងគណបក្សនយោបាយ
ខេត្តបន្ទាយមានជ័យ៖ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំរវាងគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តជាមួយតំណាងគណបក្សនយោបាយនានាក្នុងខេត្ត នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។
លោក ហ៊ី គឹមសេង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់ថា គ.ជ.ប ខេត្តបន្ទាយមានជ័យ បានទទួលពាក្យស្នើសុំគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ សម្រាប់ខេត្តបន្ទាយមានជ័យចំនួន១១ គណបក្សនយោបាយរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណៈបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក ហ៊ី គឹម សេង បន្តថា លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២១ ដំណាក់កាលនៃការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតនិងអ្នកបានចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ខេត្តបន្ទាយមានជ័យ សរុបចំនួន៤០៥,៧៣០នាក់ ស្រី ២១៦,០៣៦នាក់ សរុបឃុំសង្កាត់ចំនួន៥៦៧ និងមានការិយាល័យ ត្រូវបោះឆ្នោតសរុបចំនួន១១៤៤ការិយាល័យ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អស់លោក លោកស្រី តំណាងគណបក្សនយោបាយទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីទទួលបានការណែនាំបន្ថែមនូវនីតិវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទទួលបាននូវច្បាប់ដែលបានចែង ក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទទួលបានភាពយុត្តិធម៌និងតម្លាភាព។ ជាចុងក្រោយលោកស្រី រស់ សុផានី ក៏បានក្រើនរំលឹកដល់តំណាងគណបក្សនយោបាយទាំងអស់ ត្រូវចេះស្រឡាញ់គ្នារវាងខ្មែរនិងខ្មែរ ធ្វើជាមនុស្សមានសីលធម៌ សុជីវធម៌គ្មានអំពើហិង្សា បើមានបញ្ហាប្រឈមអ្វីកើតឡើងត្រូវធ្វើការដាក់ពាក្យបណ្ដឹងមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕