សម្ដេចតេជោ លើកទឹកចិត្តឱ្យខេត្តដ៏ទៃយកគំរូតាមឯកឧត្តម ម៉ៅ ធនិន ក្នុងការដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើភាពត្រឹមត្រូវ មិនលំអៀងទៅភាគីណាមួយ
ខេត្តកំពត៖មានប្រសាសន៍សំណេះសំណាល និងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់អភិបាលខេត្តកំពត ឱ្យប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការបានច្រើនបន្ថែមទៀត និងឱ្យខេត្តដទៃយកគំរូតាមឯកឧត្តម ម៉ៅ ធនិន ក្នុងការដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើភាពត្រឹមត្រូវ មិនលំអៀងទៅភាគីណាមួយនោះទេ។
ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជារីករាយ ដែលពេលវេលាមិនដល់មួយសប្តាហ៍ផង សម្ដេចបានអញ្ជើញរួមគ្នាជាមួយឯកអគ្គរដ្ឋទូតចិនចំនួន២លើក ដើម្បីបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពផ្លូវចំនួន៣ខ្សែ។សម្តេចតេជោបានចាត់ទុកការកសាងឡើងវិញផ្លូវជាតិលេខ៣១ និង៣៣នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ មិនថាតែខេត្តកំពត ខេត្តតាកែវ និងខេត្តកែប ប៉ុណ្ណោះនោះទេ គឺសម្រាប់បម្រើប្រជាពលរដ្ឋទូទាំងប្រទេសតែម្ដង។ សម្តេចតេជោរំពឹងថា ចិននឹងបន្តជួយសាងសង់កំណាត់ផ្លូវជាតិលេខ៣ (កំពត–វាលរិញ)ជាបន្តទៀត ដែលផ្លូវនេះមានការពិបាកក្នុងការសាងសង់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា នយោបាយអាទិភាព៤យ៉ាង (ទឹក ផ្លូវ ភ្លើង និងមនុស្ស) នៅតែជានយោបាយមួយដែលត្រឹមត្រូវសម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងតិចរយៈពេល៣០ឆ្នាំទៅមុខទៀត។ក្នុងនោះសម្តេចតេជោក៏បានរំលឹកថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទេនោះ កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងបំផុតមកដល់ពេលនេះ។ទាក់ទងទៅនឹងទិវារំលឹកខួប២៤ ឆ្នាំ ថ្ងៃដាក់ចេញនូវនយោបាយឈ្នះ–ឈ្នះ សម្តេចតេជោបានមានប្រសាសន៍ថា មានថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៃការដាក់ចេញនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជា មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងតែមួយ និងការគ្រប់គ្រងតែមួយ។
ពាក់ព័ន្ធការប្រមូលពន្ធសម្តេចតេជោ បញ្ជាក់ថា ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥ភាគរយ។ពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣៤០០លានដុល្លារ កើនជាង ១២១ភាគយ និងគយប្រមូលចំណូលបាន ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ ហើយមិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញនោះឡើយ។ សម្តេចតេជោក៏បានណែនាំលោក បណ្ឌិត សុខ ទូច ឱ្យពង្រឹងការគ្រប់គ្រងមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា កុំចង់ឱ្យរាជរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ជាសាច់ប្រាក់ដូចពីមុនអី ៕ ដោយ ៖ លោក ម៉ង់ អង្គារ