ឯកឧត្តម អ៊ី ឈាន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២–២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិ អូរតាពុកសង្កាត់ទួលល្វា ក្រុងប៉ៃលិន។
បន្ទាប់ពីលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនឡើងអានសុន្ទរកថា ស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន អភិបាលរងខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីពិធីបើកបវេសនកាលនាពេលនេះគឺត្រូវបានប្រារព្ធធ្វើឡើង។
ថ្លែងក្នុងពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអំពាវនាវអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ខិតខំបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីទទួលបាននិទ្ទេសល្អ ជោគជ័យក្នុងជីវិត និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមផ្សព្វផ្សាយបន្ថែម សូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះសូមលោកគ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និងផលប៉ះពាល់អំពីគ្រឿងញៀន និងជាចុងក្រោយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៦) ព្រោះសម្តេចតេជោបានបើកអោយចាក់ដូសទី៦ហើយ ដោយសារតែរហូតមកដល់ថ្ងៃនេះ កូវីដអត់ទាន់ទៅណាឆ្ងាយពីយើងទេ៕