មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២-២០២៣
ខេត្តបន្ទាយមានជ័យ៖ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចូលរៀនដំបូងរបស់សិស្សានុសិស្ស ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣ ដែលមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំឡើងនៅសាលាបឋមសិក្សាសូភី ក្នុងក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា ថ្ងៃនេះគឺមានអត្ថន័យធំធេងប្រកបដោយមោទនភាព សុទិដ្ថិនិយម ជំនឿជាក់ នាំមកនៅភាពសប្បាយរីករាយរបស់សិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យ អបអរសាទរថ្ងៃ២ មករា នៃបវេសនកាលដែលបានឆ្លុះបញ្ចាំង ដាស់រំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល អំពីការចាប់ផ្ដើមសិក្សាថ្មី២០២៣ ចាប់ពីថ្ងៃនេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០២៣ ដូចនេះការសិក្សាពិតប្រាកដមានតែ៣៨ សប្តាហ៍ប៉ុណ្ណោះ។
ចំនួន៣៨ សប្តាហ៍គឺជាថេរៈវេលាខ្លី ដែលយើងទាំងអស់គ្នាជាសិស្ស ត្រូវតែខិតខំប្រឹងប្រែងប្រមូលផ្ដុំកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងឆន្ទៈមោះមុត គិតគូស៊ីជម្រៅ និងបោះជំហានទៅមុខព្រមៗគ្នា ដើម្បីបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ដើម្បីកុមារាកុមារី សិស្សានុសិស្សដែលនិងធានាឲ្យពួកគេខ្លាចជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានអាននូវសាលលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២៣នេះ ដោយមានខ្លឹមសារបញ្ជាក់ថា ដោយឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ សិស្សានុសិស្សបានយ៉ាងហោចចំនួន៣ដូស បានធ្វើឱ្យយើងបានរៀនសូត្រយ៉ាងមានប្រសិទ្ធភាព នូវគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំដែលក្នុងនោះ យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអទិភាព ការអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការ៣ កុំ៣ការពារ ដើម្បីធានាបាននៅសុវត្ថិភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង។ ចុងក្រោយគណៈអធិបតីបានចែកជូនប័ណ្ណសរសើរដល់សិស្សានុសិស្សរៀនពូកែ ព្រមទាំងផ្ដល់ជូននូវសៀវភៅ ប៊ិចដល់សិស្ស ព្រមទាំងចែកជូនសារុងដល់លោកគ្រូ អ្នកគ្រូផងដែរ៕