សម្ដេចក្រឡាហោម ស ខេង ណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់នូវបទល្មើសលាងសម្អាតប្រាក់ និងបង្ក្រាបបទល្មើសគ្រឿងញៀន លេងល្បែងស៊ីសងគ្រប់ប្រភេទ
រាជធានីភ្នំពេញ៖ ក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងឱ្យបាននូវការធ្វើសកម្មភាពទាំងឡាយណាដែលអាចពាក់ព័ន្ធឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីចៀសឱ្យផុតពីការដាក់កម្ពុជា ក្នុងបញ្ជីប្រផេះដែលផ្ដល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។ក្នុងនោះសម្ដេច ក៏បានស្នើឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាលពិនិត្យលទ្ធភាពចូលរួមសហការក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាការចូលរួមនិងគាំទ្រការកសាងសមត្ថភាពដល់មន្រ្តី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្តចូលរួមពង្រឹងយន្តការគណនេយ្យភាព និងការពង្រឹងភាពជាម្ចាស់របស់រដ្ឋបាលមូលដ្ឋានក្នុងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ក្រៅពីភាគីអង្គការ និងសមាគម សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់យោបល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើសកម្មភាពដោយសេរី គ្មានការរឹតត្បិត ស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពិសេសក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ។
ទន្ទឹមនោះសម្តេច ក៏បានណែនាំរដ្ឋបាលរាជធានីខេត្ត បន្តរៀបវេទិកាស្ដីពីភាពជាដៃគូជាមួយរាជធានី ខេត្ត ជាមួយអង្គការ សមាគមដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ តាមកាលកំណត់ក្នុងស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងបានណែនាំឱ្យចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់អង្គការសមាគមមិនមែនរដ្ឋាភិបាល បោកប្រាស់អូសទាញ តាមរយៈការចូលរូមជាសមាជិក និងតម្រូវឱ្យបង់ប្រាក់ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់បទល្មើសលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិងចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម ៕