ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត សុំការអន្តរាគមន៍ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈមានស.ជ.ណ ចេញមកគ្របដណ្ដប់លើដីផ្ទះរបស់ពួកគាត់ដែលរស់នៅនិងកាន់កាប់ជាង១០ឆ្នាំមកហើយនោះ
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានព័ត៌មានថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ មានភាគីដែលមាន ស.ជ.ណ បិតប្រកាសជូនដំណឹងនៅសាលាសង្កាត់ថា នឹងចុះធ្វើការវាស់វែងដីនៅចំណុចក្បែផ្លូវចេញ–ចូលចន្លោះរង្វង់មូលផ្លូវ៥៨–ស្ពានស្ទឹងបត់ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ ក៏ស្រាប់តែប្រជាពលរដ្ឋជាច្រើននាក់បានលើកគ្នា ដោយមានកាន់រូបថតសម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌឹត ព្រមទាំងប្លង់ ទាំងអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំង ចំពោះបញ្ហាដីធ្លី និងផ្ទះសម្បែង ដោយពួកគាត់រងចាំនៅខាងមុខដីផ្ទះរបស់ខ្លួន ដើម្បីចាំរារាំងមិនឲ្យធ្វើសកម្មភាពវាស់វែង និងក៏ចង់ដឹងដែរថាតើអ្នកដែលមានស.ជ.ណ ជាអ្នកណាពិតប្រាកដ ព្រោះមិនដែលឃើញមុខ ។
ពាក់ព័ន្ធរឿងទំនាស់ដីធ្លីដ៏ស្មុកស្មាញនេះដែរបើតាមប្រជាពលរដ្ឋបានឲ្យថា ដីដែលពួកគាត់កំពុងរស់នៅនិងកាន់កាប់នៅចំណុចខាងលើនេះ គឺពួកខ្លួនបានទិញឲ្យលុយគេមិនមែនកាប់ទន្ទ្រានដីព្រៃនោះឡើយ បើគិតមកដល់ពេលនេះជាង១០ឆ្នាំទៅហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន រហូតមានប្លង់ ប័ណ្ណកម្មសិទ្ធប្រថាប់ត្រាចេញដោយសាលាក្រុង និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ទៀតផង។មិនត្រឹមតែប៉ុណ្ណោះពួកគាត់បានយកប្លង់ទៅដាក់នៅធនាគារ ដើម្បីយកប្រាក់ធ្វើជាដើមទន់រកទទួលទាន និងខ្លះទៀតបានទិញ និងលក់បន្តឲ្យអ្នកផ្សេងជាច្រើនត ព្រមទាំងបានចាក់ដីធ្វើរបង សាងសង់លំនៅដ្ឋានរស់នៅជាច្រើនឆ្នាំ គ្មានអ្នកណាម្នាក់មករករឿងទាល់តែសោះ ស្របពេលដែលនៅចំណុចស្ទឹងបត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឯកភាពគ្នាបើកច្រកទ្វារអន្ដរជាតិ ដែលធ្វើឲ្យតម្លៃដីនៅតំបន់នេះ មានការកើនឡើងយ៉ាងខ្លាំង ក៏ស្រាប់តែមាន ស.ជ.ណ ចេញមកគ្របដណ្ដប់លើដីរបស់ពួកគាត់ដែលរស់នៅនិងកាន់កាប់ ទៅវិញ។ដូច្នេះពួកគាត់សូមស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរគមន៍ ដើម្បីបន្តរស់នៅដោយភាពសុខសាន្ត មិនមានការភ័យខ្លាច ។
គួរម្លឹកផងដែរថា ដោយសាតែការភ័យព្រួយរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ពួកគាត់បានលើកគ្នាទៅសាលាក្រុងប៉ោយប៉ែតម្តងរួចទៅហើយ ក្នុងគោលបំណងឲ្យអាជ្ញាធរក្រុងជួយអន្តរាគមន៍ ជាលទ្ធផលរយះពេលមួយព្រឹកមិនឃើញមានអាជ្ញាធរក្រុង ចេញមកជួយអន្តរាគមន៍ឡើយ លុះមកដល់ថ្ងៃទី១០ ខែមករា នេះក៏ស្រាប់តែទទួលបានព័ត៌មានថា មានភាគីដែលមាន ស.ជ.ណ នឹងចុះធ្វើការវាស់វែង ទើបបានពួកគាត់លើកគ្នាឈ ចាំនៅខាងមុខដីផ្ទះ រហូតដល់ល្ងាចមិនឃើញមានការចុះនោះឡើយ។ជុំវិញបញ្ហាខាងលើនេះដែរភ្នាក់ងារយើងមិនអាចសុំការពន្យល់ណាមួយពីភាគីម្ខាងទៀតបាននៅឡើយទេ រហូមកដល់ពេលនេះ តែទោះយ៉ាងណាក្តីអង្គភាពយើងរងចាំការបកស្រាយពីសាម៉ីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ៕ព័ត៌មានលំអិតសូមទស្សនានូវបទសម្ភាន៍រវាងអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋដែលមានខ្លឹមសារដូចខាងក្រោម៖