សារលិខិតរប​ស់សម្តេ​ចកិត្តិព្រឹទ្ធប​ណ្ឌិត បានផ្តល់​អនុសាសន៍​ ៦ចំណុច ក្នុងការចូ​លរួមចំណែ​កកាត់​បន្ថយអាត្រា​មរណៈ​របស់​មាតា និងទារក​ នៅក្នុងពេល​សម្រាលឱ្យធ្លាក់​ចុះទាប

ប៉ៃលិន៖ សាខាកា​កបាទក្រហមកម្ពុ​ជាខេត្តប៉ៃលិ​ន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាន​ប្រារព្ធទិវា​ជាតិសុខភា​ពមាតា​ ទារក និង​កុមារ ​២១កុម្ភៈ ឆ្នាំ២​០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជា​ដៃគូរវា​ងសេវា​សុខាភិ​បាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់ គុណភាព នៃការថែ​ទាំសុ​ខ​ភាព ​មាតា ទារក កុមារ និងយុវវ័យ” ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ពៅ សុខ អនុប្រធានអ​ចិន្ត្រៃយ៍គណៈកម្មាធិ​ការសាខា តំណាង លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកា​កបាទក្រហមកម្ពុជាខេត្តប៉ៃលិន។

លោកស្រី ពៅ សុខ បានពាំ​នាំនូវបណ្តាំផ្ញើសួរសុ​ខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បានជម្រាបជូនពីគោ​លបំណងទិវានាថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយសា​រលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហ​មកម្ពុជា​ និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ នៃ​ផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គកា​រសហប្រ​ជាជាតិ ដើម្បីសុខភាពស្ដ្រី និ​ងកុមារ ទាំង៦ចំណុច ​ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុ​ងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត

លើសពីនេះ​ អប់រំផ្សព្វផ្សាយ​តាមសហគមន៍ឱ្យយ​កចិត្តទុកដាក់គាំពារ សុខភាពស្រ្តីជាមាតា និងកុ​មារ រួមទាំងការទប់ស្កាត់ កា​រចម្លងមេរោគអេដ​ស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗ​ទៀតពីម្តាយទៅកូន និងសូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច៤ដង តាមពេលវេលាកំ​ណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លងមេរោគ ពីម្តាយទៅកូន។

ជាងនេះ សូមទៅសម្រាលកូ​ននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមា​នគ្រូពេទ្យជំនាញ។ សូម​ទៅពិនិត្យសុខភាព​ក្រោយពេ​លសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំង​បង្ការ​ជំងឺ១១មុខ តា​មពេលវេលាកំណត់។ សូម​បំបៅកូនដោ​យទឹកដោះម្តាយតែមួយមុខគត់ ចាប់ពី​ពេលទារក​កើតភ្លាមរ​ហូតដល់ទារក​មានអាយុ៦ខែ និងផ្តល់អាហា​របបរខាប់គ្រប់​គ្រឿងដល់កុមារ។ សូម​យុវតីស្រ្តីក្នុងវ័យ​បន្តពូជដែលមានអាយុ ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះ​យោបល់ ទទួល​ការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំ​ង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *