អាជ្ញាធរក្រុងប៉ៃលិន ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អាជីវករ ដែលតាំងទំនិញលក់បំពានចំណីផ្លូវបង្កការកកស្ទុះចរាចរណ៍
ខេត្តប៉ៃលិន៖ដោយឃើញការលក់ដូរទំនិញ ឬឥវ៉ាន់របស់អាជីវករមួយចំនួន កាន់តែកៀកជាប់ផ្លូវបង្កឲ្យមានការកកស្ទុះ រដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណ: និងអប់រំឱ្យប្រជាពលរដ្ឋទាំងអស់ បង្ខិតតូបឬរោងលក់ដូរ ចូលទៅខាងក្នុងគំរបលូដោយទុកចិញ្ចើមផ្លូវទំនេរធ្វើដំណើរ និងដើម្បីឲ្យទីក្រុងមានសោភ័ណភាព។តាមការជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ៃលិន ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំ ជនក្រុងប៉ៃលិនទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖
១. ត្រូវរៀបចំអនាម័យឱ្យបានស្អាតជាប្រចាំនៅបរិវេណមុខផ្ទះរបស់ខ្លួនតាមដងផ្លូវសាធារណៈ
២. ត្រូវទុកដាក់វេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវនៅតាមលំនៅឋានរបស់ខ្លួន។
៣. ម្ចាស់លំនៅឋានត្រូវដាក់ធុងសំរាម សំណល់រឹងជាប់របងផ្ទះ ឬជញ្ជាំងផ្ទះ ដោយមិនត្រូវដាក់ធុងសំរាម សំណល់រឹង លើលូ ឬចំណីផ្លូវសាធារណៈ
៤. ហាមដាក់សម្ភារសំណង់នៅលើលូ និងចំណីផ្លូវសាធារណៈ(ឥដ្ឋ ដែក ខ្សាច់។ល។)
៥. ហាមដាក់តាំងសម្ភារ ទំនិញ ចំណីអាហារលក់ដូរគ្រប់ប្រភេទ និងស្លាកសញ្ញាអាជីវកម្មគ្រប់ប្រភេទ លើ ចិញ្ចើមផ្លូវ ចំណីផ្លូវសាធារណៈ និង កំណត់យក ៣ម៉ែត្រ ពីចិញ្ចើមផ្លូវ និងបរិវេណផ្សារត្រូវកំណត់យកឱ្យផុតពីគម្របលូ
៦ .ហាមហាលសំលៀកបំពាក់លើចំណីផ្លូវ និងមុខផ្ទះតាមផ្លូវសាធារណៈក្នុងក្រុង។
៧. រថយន្ត ដឹកដី ដឹកគ្រឿងសម្ភារសំណង់ ក្រឡុកស៊ីម៉ងត៍ ដឹកឬផ្ទេរទំនិញដែលចរាចរណ៍ក្នុងទីប្រជុំជនក្រុង ត្រូវគ្របឬបិទបាំងកុំអោយជ្រុះរាយប៉ាយតាមផ្លូវ ករណីមានជ្រុះរាយប៉ាយតាម រថយន្ត ឬក្រុមហ៊ុនទទួលខុសត្រូវសម្អាតឡើងវិញ។
៨. ហាមដាច់ខាតចំពោះរថយន្តធំកង់១០ឡើង ឬសណ្តោងបើកបរចូលក្នុងទីប្រជុំជនក្រុង។
៩. ហាមដាច់ខាតយកសំរាម សំណល់រឹងទៅចោលតាមទីសាធារណៈ តាមដងផ្លូវសាធារណៈ ប្រព័ន្ធលូ ស្ទឹង អូរ។ល។
១០. ហាមចោះប្រព័ន្ធលូសាធារណៈជាដាច់ខាត
១១. គ្រប់សណ្ឋាគារ ផ្ទះសំណាក់ បុរី រមណីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ ក្លឹបកីឡាត្រូវទទួលខុសត្រូវ សម្អាតអនាម័យបរិស្ថាន ឱ្យបានល្អជាប្រចាំ។
១២.ចំពោះអំពើល្មើសត្រូវទទួលការពិន័យតាមអនុក្រឹត្យ១១៣។
១៣.ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងប៉ៃលិន នឹងចាត់វិធានការរដ្ឋបាល តាមផ្លូវច្បាប់។ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងប៉ៃលិន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សាធារណជន បងប្អូន ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម គ្រឹះស្ថានឯកជន អាជីវករលក់ដូរទាំងអស់នឹងអនុវត្តខ្លឹមតាមសារសេចក្តីជូនដំណឹងនេះឱ្យ មានប្រសិទ្ធិភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕