ថៃឃាត់ខ្លួនពលករខ្មែរចំនួន១៣នាក់ និងតៃកុងឡានជនជាតិថៃ៣នាក់ នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ
(ថៃ)៖អាជ្ញាធរថៃបានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន១៣នាក់ និងតៃកុងរថយន្តដែលជាជនជាតិថែនចំនួន៣នាក់ កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងផ្សាររោងគ្លឿ ភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ពាក់ព័ន្ធករណីឆ្លងដែន និងស្នាក់នៅខុសច្បាប់។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ ។
ប្រភពដដែលបន្តថា នៅមុនពេលឃាត់ខ្លួនពលករខ្មែរទាំង១៣នាក់ និងតៃកុងរថយន្តជនជាតិថៃខាងលើនេះ បានធ្វើឡើងខណៈកម្លាំងទាហានកងរយទី១៣០២ បានចុះល្បាតក្នុងភូមិ បានសាស្រ្តទទួលខុសត្រូវ រហូតបានប្រទះឃើញរថយន្តគួរឲ្យសង្ស័យចំនួន៣គ្រឿង នៅក្នុងផ្សាររោងគ្លឿ ទើបធ្វើការត្រួតពិនិត្យ ក៏ឃើញអ្នកដំណើរនៅក្នុងរថយន្តជាពលរដ្ឋខ្មែរ សរុប១៣នាក់ ធ្វើការសួរនាំទើបដឹងថា ពួកគេមិនមានឯកសារធ្វើដំណើរ ឬប៉ាស្ពរ័ចុះបញ្ជីឲ្យស្នាក់នៅក្នុងប្រទេសថៃ ទើបឈានដល់ការឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចថៃ ពលរដ្ឋខ្មែរទាំង១៣នាក់បានឆ្លើយថា ពួកគេធ្វើដំណើរតាមរថយន្តនាពេលនេះ ក្នុងគោលបំណងទៅរកការងារធ្វើនៅខេត្តចាន់បុរី ដោយម៉ៅរថយន្ត៣គ្រឿង ក្នុងតម្លៃ១គ្រឿង៣,៥០០បាត។
ក្រោយពីសមត្ថកិច្ចថៃសួរនាំយ៉ាងលម្អិត ដើម្បីបំបែកសំណុំរឿងឈានទៅចាប់ខ្លួនអ្នកដែលពាក់ពន្ធ័ និងអនុវត្តតាមវិធានរបស់សុខាភិបាល មុនហ្នឹងបញ្ជូនខ្លួនពួកគេទាំងអស់ ព្រមទាំងតៃកុងឡានជនជាតិថៃ និងវត្ថុតាងរថយន្តទាំង៣គ្រឿង ទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕