អភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាការងារ ជាមួយប្រតិភូថៃ ដែលដឹកនាំដោយអភិបាលខេត្តចាន់បូរី
ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ទទួលជួបប្រជុំពិភាគ្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ–១៩ មានស្ថានភាពជាប្រក្រតីឡើងវិញ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ថ្នាក់ដឹកនាំខេត្តចាន់បុរី ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក បើទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ–១៩ ក៍សកម្មភាពការទំនាក់ទំនង និងកិច្ចសហការនានា រវាងខេត្តទាំងពីរ នៅតែមានដំណើរការធម្មតា ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ «ប្រទេសយើងទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង ២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា–ថៃ(JBC) ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២» ហើយជាក់ស្តែងនាពេលកន្លងមក កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា–ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃ ប្រទេសទាំងពីរ កម្ពុជា–ថៃ៕