កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណ៍ណែនាំលេខ ០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនមន្ត្រីអង្គភាពជំនាញក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ជូនមន្ត្រីជំនាញអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍របស់ក្រសួងហិរញ្ញវត្ថុ ដល់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីជំនាញនាថ្ងៃនេះគឺមានសារៈសំខាន់ណាស់ ស្ថាប័នអង្គភាព លើលក្ខខណ្ឌ និងវិធានការក្នុងការអនុវត្តចំណូលចំណាយថវិកាឆ្នាំ ២០២៣ និងអនុវត្តការប្រមូលចំណូលសារពើព័ន្ធ និងចំណូលមិនមែនសារពើព័ន្ធ ដូចនេះមន្ទីរស្ថាប័នអង្គភាព ត្រូវបន្តស្វែងរកមុខចំណូលថ្មីៗ ដែលមានសក្កដានុពល ជាពិសេសមុខចំណូលដែលមិនប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ព្រមទាំងបន្តពង្រឹងការប្រមូលចំណូលពីសម្បទានដី សេដ្ឋកិច្ចតាមរយៈការជំរុញការអនុវត្តសេចក្ដីជូនដំណឹងលេខ ៨១១ សជណ.ហឆ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើគោលការណ៍ គណនាថ្លៃឈ្នួល សម្បទានដី សេដ្ឋកិច្ចឡើងវិញ។
លោក បឹង គឹមសឹង បន្តថា ស្ថាប័នក៏ដូចជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ត្រូវបានអនុញ្ញាតឱ្យរៀបចំលើកសំណើសុំថវិកាចំណាយជាកញ្ចប់ប្រចាំឆមាសមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យផ្ដល់ទិដ្ឋាការធានាចំណាយ ដោយផ្អែកលើភាពច្បាស់លាស់ និងត្រឹមត្រូវនៃសកម្មភាពរបស់កម្មវិធី និងភាពត្រឹមត្រូវនៃផែនការលទ្ធកម្ម លើកលែងតែសកម្មភាពថ្មីមិនមាននៅក្នុងផែនការសកម្មភាពនៃថវិកាកម្មវិធី និងចំណាយដែលមានវេទយិតភាពខ្ពស់ ដែលត្រូវជាកម្មវត្ថុនៃការពិភាក្សា និងផ្ដល់ធានាចំណាយដោយឡែកជាករណីពិសេស។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតី និងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចឆ្លើយតបទៅនិងបញ្ហាប្រឈមនិងហានិភ័យ ផងទាំងពួង ទាំងក្នុងនិងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងស្ដារនិងជំរុញការងើបឡើងវិញនៅកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនិងការរៀនរស់នៅជាមួយកូវីដ១៩ តាមកន្លងប្រក្រតីភាពថ្មី៕