ពិធីពុទ្ធាភិសេកឆ្លងព្រះត្រៃបិដក ចម្រើនព្រះជន្មព្រះគ្រូចៅអធិការវត្តកំប្រង់ និងបុណ្យផ្កាប្រាក់សាមគ្គី ព្រមទាំងកាត់ខ្សែបូសម្ភោធឆ្លងសាបក្នុងវត្តឧត្តមត្រៃសិក្ខារាម ហៅវត្តកំប្លង់
ខេត្តបាត់ដំបង៖ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ អមដំណើរដោយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី លោក ជា សំហុង ក្រុមការងារ និងបងប្អូនសប្បុរសជាតិ–អន្តរជាតិ នៅព្រឹកថ្ងៃច័ន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាសក ពុទ្ធសករាជ២៥៦៦ ត្រូនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងព្រះត្រៃបិដក ចម្រើនព្រះជន្មប្រគេនព្រះព្រហ្មជោតិ សែម សុមុនី ចៅអធិការវត្ត និងពិធីកាត់ខ្សែបូសម្ពោធឆ្លងសាបក្នុងវត្តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រួមនិងបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងវត្ត ឧត្តមត្រ័យសិក្ខារាម ហៅវត្តកំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីព្រះព្រហ្មជោតិ សែម សុមុនី ព្រះចៅអធិការវត្តកំប្រង់ ព្រះសង្ឃជាច្រើនអង្គនាក់ លោកអភិបាលរងស្រុកកំរៀង លោកមេបញ្ជាការរងកងពលតូចថ្មើជើងលេខ៥៣ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា ពុទ្ធបរិស័ទ កងកម្លាំងប្រដាប់អាវុធ ជាច្រើនអ្នកផងដែរ។
ក្រោយពីបញ្ចប់នូវពិធីសាសនាស្ថិតក្នុងឱកាសនោះផងដែរឯកឧត្តម ដួង តារា បានមានប្រសាសន៍ទូលថ្វាយ និងសំណេះសំណាលប្រកបដោយសេចក្តីនឹករលឹក ព្រមទាំងពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកកាន់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រជាពលរដ្ឋចេះស្រឡាញ់គ្នា ឱ្យតម្លៃគ្នាដោយមិនប្រកាន់នូវនិន្នាការសាសនានោះឡើយ។
គួរបញ្ជាក់ផងដែរថាកន្លងមក ឯកឧត្តម ដួង តារា រួមទាំងក្រុមការងារ និងបងប្អូនសប្បុរសជនក៏បានប្រគេននូវទឹកប្រាក់ ប្រមាណជា ៤៥,០០០ ដុល្លារសម្រាប់ចាក់សាបក្នុងទីធ្លាវត្តកំប្រង់នេះ។ ហើយនៅថ្ងៃនេះទៀតសោតឯកឧត្តមក៏បានប្រគេននូវបច្ច័យចំនួន ១៨លានរៀលបន្ថែមទៀត ដើម្បីជាបច្ច័យកសាងនូវសមិទ្ធផលផ្សេងៗនៅក្នុងវត្តនេះបន្ថែមទៀតបម្រើឲ្យវិស័យពុទ្ធសាសនា សម្រាប់ព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ផងដែរ។
បន្ទាប់មកឯកឧត្តម ដួង តារា និងគណៈអធិបតីក៏បានស្រោចនូវទឹកសុគន្ធវាវី ប្រគេនពរជ័យសិរីសួស្ដីជូនដល់ ព្រះព្រហ្មជោតិ សោម សុមុនី ចៅអធិការវត្តឧត្តមត្រ័យសិក្ខារាម ហៅវត្តកំប្រង់ គម្រប់ឈានចូល ៤១ព្រះវស្សា និងសាងផ្នួលបាន ២៩ព្រះវស្សា។ជាចុងបញ្ចប់នៃកម្មវិធី ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សរុបចំនួន ៧៥០នាក់ក៏បានទទួលនូវអំណោយជាថវិកាមួយចំនួនផងដែរ៕