ស្នាក់ការសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ កសាងបានប្រមាណជាង ៥០ភាគរយ និងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានសមាគមន៍អតីតៈយុទ្ធជនកម្ពុជាបានប្រាប់ថា៖អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចុះបឋមសីលាកាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២២ ដែលមានបណ្តោយ២៨ម៉ែត្រ ទទឹង២១.៦០ម៉ែត្រ មានបន្ទប់ចំនួន៦បន្ទប់ មានសាលប្រជុំ១បន្ទប់ មុខ៥ម៉ែត្រ បន្ទប់ធ្វើការងារ និងបន្ទប់ទឹកចំនួន៦បន្ទប់។បច្ចុប្បន្នកសាងបានប្រមាណជាង៥០ភាគរយ នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៣ ។
អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់ដីសម្រាប់កសាងសម្រាប់បម្រើការងារសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ ។ ដែលរយៈពេលកន្លងជួបការលំបាកនៅពេលជួបប្រជុំការងារសមាគមន៍អតីតៈយុទ្ធជនខេត្ត ត្រូវសុំទីតាំងកន្លែងផ្សេងៗដែលមានអតីតៈយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យចំនួន៦.០០០នាក់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា៖អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលទទួលសាងសង់ដោយឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវបានកសាងរហូតពេលនេះបានប្រមាណជិត៥០ភាគរយ។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ មានអតីយុទ្ធជនប្រមាណជាង៦.០០០នាក់ ដែលទទួលបានផ្ទៈចំនួន៣០០ខ្នង ក្នុង១គ្រួសារទទួលបានផ្ទៈ១ខ្នង និងដីលំដៅដ្ឋាន ៣០ម៉ែត្រ គុណ៥០ម៉ែត្រ និងដីអាស្រ័យផល ១ហិកតានៅចំណុចដីការ៉េពីរស្ថិតឃុំប៉ោយចារ ស្រុកភ្នំស្រុក និងអតីតៈយុទ្ធជន ដែលមានដីលំនៅដ្ឋាន និងផ្ទៈខូចខាត និងតូចចង្អៀត ត្រូវបានកសាង និងជួសជុលជូនតាមមូលដ្ឋានជាក់ស្តែង ពីសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ៕