កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមធ្វើពលកម្មអនាម័យបរិស្ថាន
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច ថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះដែលដឹកនាំដោយលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ចុះធ្វើពលកម្មអនាម័យបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ២៥៦ដេ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ការធ្វើពលកម្មអនាម័យបរិស្ថាន ក្នុងស្រុកអូរជ្រៅនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរឃុំ អង្គភាពភូមិ កម្លាំងប្រជាការពារ និងស្ថាប័នឯកជនក្រុមហ៊ុនស៊ិនទ្រី ក្នុងស្រុកអូរជ្រៅ ដើម្បីឲ្យមានសោភ័ណភាពល្អនៅក្នុងស្រុក និងធានាផាសុខភាពល្អជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសជួយទប់ស្កាត់ការឆ្លងនៃជម្ងឺរាតត្បាតផ្សេងៗផងដែរ៕