បុណ្យឆ្លង និងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិកក្សាវត្ត កកោះកំណប់ ក្នុងស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖សាលាពុទ្ធិកបឋមសិក្សាមួយខ្នង នៅក្នុងវត្តពោធិសុវណ្ណរាម កកោះកំណប់ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយការកសាងផ្អែកលើកម្លាំងសាមគ្គីរបស់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងក្នុងនិងក្រៅប្រទេស បានចំណាយថវិកាអស់ចំនួន ៦០០៨០ដុល្លារសហរដ្ឋ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លឿង សុភ័ក្ត្រ អភិបាលស្រុកស្វាយចេក។
លោក ខៀវ សុនិមល អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងលោក លឿង សុភ័ក្ត្រ បានមានប្រសាសន៍សម្ដែងការកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ ចំពោះមោទនភាពដ៏ខ្ពស់ ចំពោះសណ្តានចិត្តសទ្ធា ជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងក្រៅប្រទេសបានរួមជាកម្លាំងមហាសាមគ្គីកសាង បាននៅសាលាពុទ្ធិកបឋមសិក្សាមួយខ្នងដ៏ស្កឹមស្កៃសម្រាប់ សាមណៈសិស្ស សិស្សបានសិក្សារៀនសូត្រ ។
លោក លឿង សុភ័ក្ត្រ បានឲ្យដឹងថា ជាមួយនឹងការថ្លែងអំណរគុណនិងការកោតសរសើរប្រកបដោយសេចក្ដីរីករាយនិងមានមោទនភាពក្រៃលែងដែលបានឃើញកម្លាំងសាមគ្គីដ៏ល្អប្រសើររវាងព្រះសង្ឃនិងពុទ្ធសាសនិកជនតែមានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលបាននាំឲ្យតាមទីវត្តអារាម ពុទ្ធិកសិក្សាជាការចាំបាច់យ៉ាងសំខាន់ដែលត្រូវ ពង្រឹងនិងពង្រីកផ្នែកអប់រំសិក្សាបង្កើនធនធានមនុស្សជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង។
ក្នុងនោះលោកអភិបាលស្រុកស្វាយចេក ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈ និងមានឯកសារគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់គ្រប់គ្នា។ ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានធ្វើការចែកជូននូវបណ្ណសរសើរដល់លោកតា លោកយាយសប្បុរសជនក្នុងឱកាសនេះផងដែរ៕