ផឹកចំស្រាកាច យកកាំបិតប៉័ងតោដេញកាប់នាយរងប៉ុស្តិ៍ និងអនុភូមិ រួមជាមួយប្រជាការពារម្នាក់ទៀត បង្កការផ្អើលនៅក្រុងតាខ្មៅ
(ខេត្តកណ្ដាល)៖បុរសប្រមឹកម្នាក់ត្រូវគេស្គាល់ថា ឈ្មោះ ឈុំ ហេង ហៅឆាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កហឹង្សាលើមនុស្ស ៣នាក់ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ស្ថិតនៅក្នុងភូមិ /សង្កាត់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ជនរងគ្រោះទី១–ឈ្មោះ សួន ឡេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនាយរងប៉ុស្តិ៍ស្វាយរលំ រងរបួសរយះហូរឈាមត្រង់ក្តោងច្រមុះ។
ទី២–ឈ្មោះ រិម យូសុស ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជាការពារ រងរបួសស្នាមត្រង់ដៃ ។
ទី៣–ឈ្មោះខាត់ សុខេន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរអនុប្រធានភូមិលេខ៣។ វត្ថុតាងដកហូតបានមាន៖កាបិតប៉័ងតោពណ៌ខ្មៅចំនួន០១(របស់ជនសង្ស័យ) ,ម៉ូតូ០១គ្រឿងម៉ាកCub ជ្រុងពណ៌ទឹកប៊ិក ពាក់ស្លាកលេខកណ្តាល១j-៧០៣៥ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលពេលកើតហេតុ ជនសង្ស័យបានផឹកស្រាបៀរ និងស្រាថ្នាំជាមួយបងស្រីរបស់ខ្លួន២នាក់ទៀត បណ្តាលអោយស្រវឹងយ៉ាងខ្លាំង ពេលនោះបងស្រីរបស់ខ្លួនបាននិយាយប្រាប់ជនសង្ស័យថា ប៉ូលិសប៉ុស្តិ៍ស្វាយរលំ រកវាយគាត់ ទើបជនសង្ស័យខឹងក៏បានយកកាំបិតប៉័ងតោកាន់ជាប់នឹងដៃជិះម៉ូតូមួយគ្រឿងចូលដល់ក្នុងប៉ុស្តិ៍ស្វាយរលំ ដើរសួររកប៉ូលិ៍សដែលរកវាយបងស្រីរបស់ខ្លួន។ ពេលនោះជនសង្ស័យបានយកកាំបិតដេញកាប់ទៅលើជនរងគ្រោះជានាយរងប៉ុស្តិ៍ស្វាយរលំម្នាក់ឈ្មោះសួន ឡេង ។ ពេលឃើញដូចនេះជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅប្រតាយប្រតប់ដណ្តើមកាំបិតពីជនសង្ស័យ បណ្តាលឱ្យជនរងគ្រោះទាំង៣នាក់ មានរបួសស្នាមដូចរៀបរាប់ខាងលើតែម្តង។ក្រោយកើតហេតុជនសង្ស័យ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំធ្វើការឃាត់ខ្លួនបានរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕