អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ជូនសិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១.២០២២ ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖សិស្សនិទ្ទេស A ចំនួន៤៩នាក់ ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១.២០២២ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ជូន កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឡើងអានរបាយការណ៍ឲ្យដឹងថា៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ សម័យប្រឡងកាលពីថ្ងៃទី៥.ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ មានបេក្ខជនមកប្រឡងសរុប: ចំនួន ៥.៦៣០នាក់ ស្រី ៣.១១២នាក់ ក្នុងបេក្ខជនជាប់ចំណាត់ថ្នាក់ និទ្ទេស A មានចំនួន ៤៩នាក់ ស្រី២៥នាក់ និទ្ទេស B ចំនួន ៣១៦នាក់ ស្រី១៨៩នាក់ និទ្ទេស C ចំនួន ៨៤១ នាក់ ស្រី៥៤១ និទ្ទេស D ចំនួន ១៣៤០នាក់ ស្រី៨៤៧ និងនិទ្ទេស E ចំនួន១៣៥៥នាក់ស្រី៧៥៤នាក់។
ក្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ ឆ្នាំ២០២២នេះ បេក្ខជនប្រឡង ទាំងអស់គោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំងវិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជន និងបេក្ខនារី មិនបានផ្ទុយ និងបទបញ្ញត្តិ និងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។
ឯកឧត្តម សង្ឃឹមនិងជឿជាក់យ៉ាងមាំថា៖ សិស្សានុសិស្សគ្រប់ជំនាន់ និងរក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀតដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ចាប់ពីអាយុ១៨ឆ្នាំឡើង ត្រូវរួតរះទៅធ្វើអត្តសញ្ញាណប័ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកអត្តសញ្ញាណប័ណនេះទៅចុះឈ្មោះបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ធានាឲ្យបានការបោះឆ្នោតនេះឲ្យបានរលូនដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរផងដែរ។
ចុងបញ្ចប់កម្មពិធីឯកឧត្តម អ៊ុ រាត្រី បានធ្វើការចែក ipad Air ១គ្រឿង ជូនសិស្សនិទ្ទេស A និងជូនថវិការដល់នាយសាលាក្នុង១នាក់ទទួលបាន១០.០០០រៀលផងដែរ៕