រថយន្តម៉ាកព្រុសផ្ទុះកង់រ៉េចង្កូត ទៅប៉ះរថយន្តធុនធំមួយគ្រឿង និងបុកម៉ូតូ០២គ្រឿងទៀត បណ្ដាលឲ្យមន្ត្រីយោធា ២នាក់ស្លាប់ភ្លាមៗ រីឯសិស្សសាលា ២នាក់ទៀត រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀត រងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿនបានផ្ទុះកង់រ៉េចង្កូតទៅប៉ះរថយន្តធុនធំមួយគ្រឿង នឹងជ្រុលទៅបុកជាមួយម៉ូតូ ២គ្រឿងទៀតដែលបើកបរដោយមន្ត្រីយោធា និងសិស្សសាលា ។ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ២នាក់ ជាមន្ត្រីយោធា បើកបរម៉ូតូម៉ាកវ៉េវC110ពណ៌ខ្មៅ រីឯ ២នាក់ទៀតរបួសធ្ងន់ ភេទស្រី ជាសិស្សសាលា បើកបរម៉ូតូ ម៉ាកសង់C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ–ប-មានជ័យ-1U-6606 ។ក្រោយពីកើតហេតុភ្លាមកម្លាំងនគរបាល ផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែននគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះជួយអន្តរាគមដោយដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅបន្ទីរពេទ្យខេត្ត និងធ្វើការពិនិត្យវាស់វែង។
សាកសពមន្ត្រីយោធាទាំង២នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ក្រោយពីពិនិត្យ ជាក់ស្តែងសមត្ថកិច្ចបានប្រគល់ឲ្យអង្គភាពរបស់គាត់ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯមធ្យោបាយពាក់ព័ន្ធក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕