រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធិធីអបអរសាទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២
(បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្រោមអធិបតីភាព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារី ដើម្បីកម្ពុជា និងការអភិវឌ្ឍន៍ លោកជំទាវ នួម សោភ័ណ សមាជិកព្រឹទ្ធសភា មណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន កងម្លាំងគ្រប់ប្រភេទជាស្រ្តីជាច្រើនរូបផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ប្រធានបទនៃពិធីអបអរសាទរខួបលើកទី១១១ ទិវានារីអន្តរជាតិនៅឆ្នាំ២០២២នេះគឺ សំដៅលើការលើកកម្ពស់ និងចូលរួមអនុវត្តការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនិងការបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍដូចមានការកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩– ២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០៣០ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា គោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រនៅកម្ពុជានេះ នឹងក្លាយជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់ និងជាផែនទីចង្អុលទិសក្នុងការលើកកម្ពស់សមភាពយេនឌ័រតាមរយៈ ការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីតាមវិស័យ និងស្ថាប័ន ជំរុញកម្ពស់សមភាពយេនឌ័រជាពិសេសវប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រីក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ នឹងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕