បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ៅ សុធី (ហៅ វែង) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ វត្ថុតាង ចាប់បានរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០១កូនថង់កិប ទម្ងន់ ២,៧៤ក្រាម និងម៉ូតូកែច្នៃ ចំនួន០១គ្រឿង។
លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣ ខែមីនាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រក្រុង លុះមកដល់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក៏បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូគួរឱ្យសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក៏បានហៅសួរនាំ និងធ្វើការឆែកឆេរលើខ្លួនរកឃើញមានគ្រឿងញៀន ហើយធ្វើការឃាត់ខ្លួនភ្លាមៗ តែម្តងហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។បន្ទាប់ពីឃាត់ខ្លួន និងសួចម្លើយជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្កែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕